ខេត្តសៀមរាប៖ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ សហគមន៍នេសាទមាត់ខ្លា លោកមេភូមិ និងប្រជាការពារភូមិមាត់ខ្លា បានសហការជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ខេង ពៅ នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករងខេត្ត។ កម្លាំងចម្រុះបានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឆក់ត្រីខុសច្បាប់ នៅក្នុងតំបន់គ្រប់គ្រងជលផល។
នៅក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ នៅចំណុចកន្លែងអភិរក្សជលផលផ្ទោលស្រោង ឃុំអន្លង់សំណរ ស្រុកជីក្រែង។ នៅពេលឃើញសមត្ថកិច្ចទៅដល់ ជនសង្ស័យបានរត់គេចខ្លួនចូលព្រៃលិចទឹកបាត់ស្រមោល ដោយបន្សល់ទុកនូវវត្ថុតាងនៅនឹងកន្លែង។
លទ្ធផលនៃការបង្ក្រាប សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
កាណូតស្មាច់៖ ចំនួន ០២គ្រឿង (គ្រឿងទី១៖ បណ្តោយ ៥,៤ម៉ែត្រ ទទឹង ០,៥ម៉ែត្រ ជម្រៅ ០,៣ម៉ែត្រ / គ្រឿងទី២៖ បណ្តោយ ៦,១ម៉ែត្រ ទទឹង ០១ម៉ែត្រ ជម្រៅ ០,៦ម៉ែត្រ) បំពាក់ម៉ាស៊ីនម៉ាកឡុងស៊ីន កម្លាំង ៣០សេះ ដូចគ្នា។
អាំងវែរទ័រ (ប្រដាប់បំប្លែងចរន្តអគ្គិសនីសម្រាប់ឆក់)៖ ចំនួន ០២គ្រឿង។
អាគុយ៖ ចំនួន ០៤គ្រឿង (កម្លាំង ៧០អំពែរ ចំនួន ០៣គ្រឿង និង ៥០អំពែរ ចំនួន ០១គ្រឿង)។
ដងឆក់៖ ចំនួន ០២គូ។
ខ្សែភ្លើង៖ ប្រវែង ៨ម៉ែត្រ។
ប្រតិបត្តិការនេះប្រើប្រាស់កម្លាំងសរុបចំនួន ០៨នាក់ និងកាណូតចំនួន ០២គ្រឿង។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានរក្សាទុកដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល។
ជាចុងក្រោយ ថ្នាក់ដឹកនាំកម្លាំងចម្រុះ ក៏ដូចជាអាជ្ញាធរភូមិ-ឃុំ បានអំពាវនាវ និងផ្ដាំផ្ញើទៅកាន់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលកំពុងប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ សូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ដើម្បីចូលរួមការពារធនធានមច្ឆជាតិ។ ចំពោះបងប្អូនដែលមានឧបករណ៍ឆក់ត្រីនៅក្នុងផ្ទះ គួរយកមកប្រគល់ជូនកម្លាំងជំនាញ ឬអាជ្ញាធរមូលដ្ឋានឱ្យបានឆាប់ រួសរាន់ ជៀសវាងការប្រឈមមុខនឹងទោសទណ្ឌតាមផ្លូវច្បាប់ នៅពេលដែលសមត្ថកិច្ចចុះបង្ក្រាបបាន៕

