​មេឃរកកល់ភ្លៀងលាយឡំរន្ទះបាញ់ បណ្តាលឱ្យងាប់សត្វគោ ១១ក្បាល នៅស្រុកទឹកផុស ខេត្តកំពងឆ្នាំង


កំពង់ឆ្នាំង ៖ សត្វគោរបស់ប្រជាពលរដ្ឋចំនួន ១១ក្បាល បានងាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ ដើមចមបង្កឡើងដោយសារអាកាសធាតុប្រែប្រួល មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំង។

​ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ២០នាទីល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
​យោងតាមការបញ្ជាក់ពីលោក សូត្រ សង់ អភិបាលស្រុកទឹកផុស ឱ្យដឹងនៅយប់ថ្ងៃដដែលនោះថា គ្រោះធម្មជាតិផ្គររន្ទះនេះ បានវាយប្រហារចំសត្វពាហនៈ (គោ) របស់ប្រជាពលរដ្ឋ បណ្តាលឱ្យក្ស័យជីវិតអស់ចំនួន ១១ក្បាលភ្លាមៗ។ ទោះជាយ៉ាងណា ក្នុងករណីដ៏រន្ធត់នេះ មិនបានបង្កឱ្យគ្រោះថ្នាក់ ឬប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
​ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋានក៏បានចុះពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ចំពោះបាតុភូតធម្មជាតិ ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលតែងតែកើតមានឡើងនៅក្នុងដើមរដូវវស្សានេះ៕

Leave a Reply

Your email address will not be published. Required fields are marked *