កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបទីតាំងឆបោកអនឡាញដ៏ធំមួយនៅស្រុកអូរជ្រៅ ដែលគេស្គាល់ថាជារបស់មេឃុំអូរបីជាន់

​(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការចុះឆែកឆេរទីតាំងអគារមួយកន្លែង និងបានរកឃើញឧបករណ៍បម្រើឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាច្រើនគ្រឿង ស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។
​យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ទីតាំងដែលត្រូវបានចុះឆែកឆេរនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ទីតាំងខាងលើនេះ ត្រូវបានគេស្គាល់ថាមានម្ចាស់ឈ្មោះ តុល សារិន ដែលជាមេឃុំអូរបីជាន់ និងភរិយាឈ្មោះ ពៅ វណ្ណា។
​ប្រតិបត្តិការដ៏ស្រួចស្រាវនេះ ត្រូវបានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ។ ក្នុងនោះក៏មានការសម្របសម្រួលដោយផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងការចូលរួមសហការពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ។
​ជាលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញ និងដកហូតវត្ថុតាងរួមមាន៖
​ទូរស័ព្ទដៃ និងកុំព្យូទ័រជាច្រើនគ្រឿង ដែលជាឧបករណ៍បម្រើឱ្យសកម្មភាពលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
​ទោះជាយ៉ាងណា ក្នុងកំឡុងពេលចុះឆែកឆេរនោះ សមត្ថកិច្ចមិនបានជួបប្រទះ ឬរកឃើញជនល្មើសនៅក្នុងទីតាំងនោះឡើយ។
​បច្ចុប្បន្ន ទីតាំងអគារខាងលើត្រូវបានកម្លាំងជំនាញសម្រេចបិទសៀល (Seal) ផ្អាកដំណើរការជាបណ្ដោះអាសន្ន ដើម្បីរក្សាទុកជាតម្រុយក្នុងការបន្ដស្រាវជ្រាវ និងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

Leave a Reply

Your email address will not be published. Required fields are marked *