ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាឱ្យកងកម្លាំងសឹករងកំពង់ធំ ត្រៀមលក្ខណៈការពារជាតិ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ


​(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
​ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំអាស៊ានលើកទី៤៨ នៅសាធារណរដ្ឋហ្វីលីពីន ជាពិសេសការបញ្ជាក់គោលជំហរម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំង និងទាមទារឱ្យភាគីថៃអនុវត្តតាមកិច្ចព្រមព្រៀងនៃសេចក្តីប្រកាសរួម ស្តីពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
​ជាមួយគ្នានេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងយោធិនគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗដូចខាងក្រោម៖
​ភាពស្មោះត្រង់៖ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី ព្រមទាំងរាជរដ្ឋាភិបាលស្របច្បាប់។
​ការអនុវត្តបទបញ្ជា៖ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងការណែនាំផ្ទាល់របស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។
​ការបង្ក្រាបបទល្មើស៖ ត្រូវចូលរួមយ៉ាងសកម្មក្នុងការការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសការកាប់ទន្ទ្រានព្រៃឈើ និងការនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រខេត្ត។
​សន្តិសុខ និងសុខុមាលភាព៖ បន្តសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរដែនដី ដើម្បីអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» និងយកចិត្តទុកដាក់បម្រើបងប្អូនអតីតយុទ្ធជន និងងនវត្តជនក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។

Leave a Reply

Your email address will not be published. Required fields are marked *