រាជធានីភ្នំពេញ ដោយ : ភ្នំធំ / ភ្នំពេញ :កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ តុលាការរាជធានីភ្នំពេញ សម្រេវឃុំខ្លួនជនត្រូវចោទ ជនជាតិចិនចំនួន ២០នាក់ និង រុស្សី ២នាក់ ប្រព្រឹត្តនៅភូមិ៣ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ។
លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ជនជាតិចិនចំនួន ២០នាក់ និង រុស្សី ២នាក់ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ។
ជនត្រូវចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទ រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅចំណុចបន្ទប់លេខ ៣២០៥ ជាន់ទី៣២ អគារបាវលី (BAOLI INTER CITY) ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
យោងតាមដីកាចំនួន ២២ ផ្សេងគ្នា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្ក្រាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទទាំង ២២នាក់ ទៅកាន់មណ្ឌលឃុំខ្លួនតាមការកំណត់របស់តុលាការ ពោលគឺជនត្រូវចោទចំនួន ២១នាក់ (ប្រុស) បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ ពន្ធនាគាររាជធានីភ្នំពេញ (PJ) និងជនត្រូវចោទចំនួន ១នាក់ (ស្រី)ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ មណ្ឌលអប់រំកែប្រែទី២ (ម២)៕

