ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នៅតែបន្តជាចលករសំខាន់ ដែលចូលរួមដោះស្រាយផលប៉ះពាល់លើវិស័យអប់រំ តាមតំបន់ព្រំដែន ខ្មែរ ប៊ែវើរីជីស នៃក្រុមហ៊ុនមេជីបម៉ុង បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី ចំនួន ៣ ខ្នងបន្ថែមទៀតក្នុងខែឧសភាឆ្នាំ២០២៦ នេះ ។
គឺស្ថិតនៅបឋមសិក្សាអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ ចំនួន១ខ្នង រួមទាំងរបង, បឋមសិក្សាត្រពាំងសង្កែចំនួន ១ ខ្នង, និងបឋមសិក្សាសែនជ័យ ចំនួន ១ ខ្នង នៅខេត្តព្រះវិហារ។ ព្រមទាំងសាងសង់លេណដ្ឋានសុវត្ថិភាព ជូនសិស្សានុសិស្សទាំង ៣ ទីតាំង។
តាមរយៈព្រឹត្តិការណ៍ ១ពាន់លានរៀល ដើម្បីសប្បុរសធម៌ ដែលមានការចូលរួមជាច្រើនពីបងប្អូនខ្មែរគ្រប់តំបន់ រួមគ្នាជួសជុល ឬកសាងសាលាដែលរងការខូចខាតតាមបន្ទាត់ព្រំដែន ខ្មែរ ប៊ែវើរីជីស បានបើកការសាងសង់អគារសិក្សា សរុបចំនួន ៥ ទីតាំង បូករួមទាំងគម្រោងសាងសង់មុនគេ ផ្តល់អគារសិក្សាចំនួន ២ខ្នង ក្នុងខេត្តឧត្តរមានជ័យ បឋមសិក្សាគោកប្រាសាទ ១ ខ្នង និង បឋមសិក្សាគូរ ១ ខ្នង ព្រមទាំងលេណដ្ឋាននៅទីតាំងសាលាទាំង ២។
មិនតែប៉ុណ្ណោះ ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភសាងសង់អគារសិក្សា ១ ខ្នង៣ជាន់ និងរបង នៅបឋមសិក្សាព្រៃ-ស ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលខ្វះខាត ធ្វើយ៉ាងណាចូលរួមលើកកម្ពស់វិស័យអប់រំឱ្យកាន់តែប្រសើរ និងពេញលេញសម្រាប់សិស្សានុសិស្សគ្រប់រូប។
សរុបជាង ១ លានដុល្លារ ខ្មែរ ប៊ែវើរីជីស បានចំណាយថវិកាសាងសង់សាលា សរុបចំនួន ៦ ទីតាំងនេះ។
ឈរលើគុណតម្លៃនៃការផ្តល់ត្រឡប់ទៅសង្គមវិញ ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង តែងតែនៅក្បែរប្រជាជនខ្មែរជានិច្ច បន្តជួយឧបត្ថម្ភជាហូហែ ដែលចំណាយថវិកាសរុបប្រមាណ ៧ លានដុល្លារ បូករួមទាំងថវិកា ស្បៀងអហារភេសជ្ជៈ តង់ស្នាក់នៅ និងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់កងទ័ព ទៅកាន់វីរកងទ័ព និងជនភៀសសឹក បង្ហាញពីការដឹងគុណ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខវីរកងទ័ពការពារទឹកដី ក៏ដូចជាបងប្អូនជនភៀសសឹកទាំងអស់។
នៅសាលាបឋមសិក្សាអូរបីជាន់ភូមិថ្នល់បត់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ពិធីនេះមានការអញ្ជើញជាអធិបតីលោកលី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោកអគ្គនាយកបន្តវេន ម៉ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនិងចូលរួមដោយលោក ចាន់ សុភាព អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត.តំណាងលោកឈូ ប៊ុនរឿង ប្រធានមន្ទីរ លោកកែវ តារារស្មី អភិបាលស្រុកអូរជ្រៅ មេឃុំ មេភូមិ លោកគ្រូអ្នកគ្រូ សិក្សានុសិស្សនិងពលរដ្ឋច្រើន ។
ក្នុងនោះលោកលី.សុវណ្ណារិទ្ធ.បានថ្លែងអំណរគុណក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនៃក្រុមហ៊ុនមេជីបម៉ុងដែលបន្តបានជួយកសាងអគារសិក្សា១ខ្នងស្មើ ៥បន្ទប់ក្នុងសាលាបឋមសិក្សាអូរបីជាន់នេះនិងសង់របងបេតុងលាយលួសសំណាញ់ ។
នេះជាការឆ្លើយតបនូវសេចក្តីត្រូវការរបស់សិស្សានុសិស្សនិងលោកគ្រូ អ្នកគ្រូ បន្ទាប់ពីអគារសិក្សារងការបាញ់ប្រហារនិងទម្លាក់គ្រាប់បែកពីយោធាថៃឈ្លានពានអំឡុងខែធ្នូឆ្នាំ២០២៥កន្លងមក ។
លោក ម៉ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនិយាយថា: ក្នុងនាមលោកជាអ្នកបន្តវេនជំនាន់ក្រោយ លោកនៅតែរក្សាឆន្ទៈជួយត្រឡប់មកជួយសង្គមជានិច្ចប្រៀបដូចក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុនមេ ជីប ម៉ុង ដែលតែងតែនៅក្បែរបងប្អូនខ្មែរ បន្តជាសសររឹងមាំមួយ ជួយជំរុញភាពរីកចម្រើននៅក្នុងសង្គមជាតិផងដែរ.៕

