#លោកឈួនដោងរិទ្ធីនិងក្រុមការងារបាននាំកូនឈើប្រណិតប្រភេទគ្រញូង ៥០ ដើមទៅដាំនៅវត្ត មុខរាហ៍២ ឃុំ មុខរាហ៍ ក្នុងស្រុករុក្ខគីរី

 

#ខេត្តបាត់ដំបង÷ អង្គការដើម្បីការពារអភិរក្សធនធានធម្មជាតិដែលមានលោកឈួន ដោងរិទ្ធី ជាអគ្គនាយកអង្គការ បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទចូលរួមដាំកូនឈើប្រភេទឈើប្រណិតគ្រញូងចំនួន៥០ ដើមដាក់ដាំនៅក្នុងបរិវេណ វត្ត មុខរាហ៍ ស្ថិតក្នុង ភូមិ មុខរាហ៍ ២ ឃុំ មុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃសៅរ៍ ៨រោច ខែ ពិសាខ ឆ្នាំ មមី  អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៩ខែ ឧសភា ធ្នូាំ ២០២៦ ដើម្បីជាប្រយោជន៍ដល់បរិស្ថាននិងឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ប្រភេទដើមឈើប្រណិតដែលជិតនឹងផុតពូជនៅក្នុងព្រៃធម្មជាតិទៅហើយនោះ។
លោក ឈួន ដោងរិទ្ធី ប្រធានអង្គការដើម្បីការពារអភិរក្សធនធានធម្មជាតិ បានលើកឡើងថា ដើម្បីចូលរួមអភិរក្សធនធានធម្មជាតិអង្គការរបស់លោកបានខិតខំយកចិត្តទុកដាក់បណ្ដុះកូនឈើពូជល្អៗជាពិសេសប្រភេទឈើប្រណិតឈើលេខ១ និងឈើហូបផ្លែមួយចំនួនទៀតដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យយល់ដឹងពីសារៈសំខាន់នៃផលប្រយោជន៍ព្រៃឈើ និងបានណែនាំឲ្យពួកគាត់ចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការរួមចំណែកដាំដុះកូនឈើនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ ធ្វើយ៉ាងណាឱ្យពូជឈើទាំងនោះលូតលាស់ដុះដាលឡើងវិញ។
លោកបន្តថា ការដាំដើមឈើមានផលប្រយោជន៍យ៉ាងច្រើន ដូចជាផ្ដល់ម្លប់ ផ្ដល់ឈើសម្រាប់ធ្វើជម្រកនាពេលអនាគត និងឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីពូជឈើប្រណិតល្អៗដែលអង្គការរបស់លោកបានបានខិតខំអភិរក្ស ។ជាងនេះទៅទៀតគឺដើម្បីការពារលំនឹងបរិស្ថានធម្មជាតិឲ្យកាន់តែប្រសើរឡើង។
លោក ឈួន ដោងរិទ្ធី បន្តលើកឡើងថា សព្វថ្ងៃនេះអង្គការរបស់លោកតែងតែមានគណៈកម្មការអាចារ្យវត្តនិងព្រះសង្ឃ បានទាក់ទងសំណូមពរដល់ក្រុមការងារអង្គការរបស់លោកដើម្បីយកកូនឈើទាំងនោះទៅដាក់ដាំនៅតាមទីវត្តអារាមនិងទីសាធារណៈផ្សេងៗយ៉ាងផុលផុស ដោយសារតែយើងទាំងអស់គ្នាយល់ឃើញថា ព្រៃឈើ ជាអាយុជីវិតរបស់មនុស្សសត្វសម្រាប់ផ្ដល់ជម្រកជាម្លប់ និងសោភ័ណភាពជាដើម។ល។
លោកបានបន្តលើកឡើងថា សព្វថ្ងៃនេះទាំងរូបលោកផ្ទាល់និងសហការី ខិតខំបណ្ដុះកូនឈើនិងដាំដុះកូនឈើ ធ្វើការងារសង្គមដោយពុំមានកម្រៃថវិកាអ្វីនោះទេប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់ លើវិស័យនេះទើបលោកបំផុសបំផុល ដល់សហការីក្រោមឱវាទក៏ដូចជាប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការដាំដុះកូនឈើទោះបីជាពុំមានថវិកាគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក៏ដោយក៏ពួកគាត់ខិតខំក្នុងការងារនេះដោយភាពអត់ធ្មត់បំផុត។
ជាមួយគ្នានេះលោកឈួន ដោងរិទ្ធី បានអំពាវនាវក៏ដូចជាសំណូមពរដល់ប្រជាពលរដ្ឋ ដែលបានយកកូនឈើទៅដាំដុះនៅក្នុងមូលដ្ឋានមេត្តាយកចិត្តទុកដាក់ថែរក្សាឲ្យបានល្អប្រសើរកុំដាក់ដាំចោល ដើម្បីឲ្យកូនឈើលូតលាស់ បានល្អនិងឆាប់ធំសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិទូទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *