(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នេះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអភិបាលរងខេត្ត និងសមាជិកព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនក្រុមគ្រួសារវីរកងទ័ព និងវីរនគរបាល ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ ចំនួន ១៥៣គ្រួសារ ក្នុងបណ្ដាឃុំ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសដ៏មានអត្ថន័យនោះ សម្តេចមហាមន្ត្រី គុយ សុផល បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាតិ និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់ខ្ពស់របស់វីរកងទ័ព និងនគរបាលជាតិ ដែលបាននឹងកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីយ៉ាងរឹងមាំ។
ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រាលបន្ទុកជីវភាព ក្នុងពិធីសំណេះសំណាលនោះ សម្តេចមហាមន្ត្រី ក៏បានផ្តល់ជូននូវអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់គ្រួសារកងទ័ពទាំង ១៥៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖
អង្ករ៖ ៥០ គីឡូក្រាម
មី៖ ១ កេស
គ្រឿងទេស៖ ទឹកត្រី និងទឹកស៊ីអ៊ីវ
ថវិកា៖ ២០ ម៉ឺនរៀល
សកម្មភាពនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព្រះបរមរាជវាំង ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារដែលជាបង្អែកនៅសមរភូមិក្រោយ ក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ៕

