(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានផ្ដាំផ្ញើឱ្យសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំបំផុត ដើម្បីធានាបាននូវភាពជោគជ័យជូនគណបក្ស។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីអញ្ជើញចុះសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦។
ខ្លឹមសារសំខាន់ៗនៃប្រសាសន៍ណែនាំ៖
សាមគ្គីភាពជាស្នូល៖ លោកស្រីសង្កត់ធ្ងន់ថា ការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាកត្តាអត្ថិភាពដ៏សំខាន់បំផុត ដើម្បីបោះជំហានទៅរកជ័យជំនះក្នុងការបោះឆ្នោតនាពេលខាងមុខ។ ក្រុមការងារ និងថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ ត្រូវឈរលើការមូលមតិគ្នា ពិភាក្សាដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា និងប្រកបដោយមនសិការខ្ពស់។
ភាពស្មោះត្រង់ និងសតិអារម្មណ៍៖ ភាពស្មោះត្រង់គឺជាកាតព្វកិច្ចចម្បងក្នុងការកសាងទំនុកចិត្ត។ ការពង្រឹងសតិអារម្មណ៍ស្មារតីឱ្យរឹងមាំ គឺជាគ្រឹះដែលមិនអាចឱ្យគូប្រជែងណាមកបំបែកបំបាក់បានឡើយ ពិសេសត្រូវយកចិត្តទុកដាក់លើសក្តានុពលរបស់យុវជនគ្រប់អាយុបោះឆ្នោត។
ការផ្សព្វផ្សាយសមិទ្ធផល៖ ជំរុញឱ្យក្រុមការងារបន្តផ្សព្វផ្សាយពីសមិទ្ធផលនានារបស់គណបក្សជាប្រចាំ ដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងដើម្បីបន្សាបរាល់ការវាយប្រហារអកុសលពីក្រុមប្រឆាំង។
បញ្ហាព្រំដែន៖ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ លោកស្រីបានអំពាវនាវឱ្យសមាជិកបក្សទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាល ដែលកំពុងដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដែលទាមទារពេលវេលា និងភាពច្បាស់លាស់។
ជាកិច្ចបញ្ចប់នៃកម្មវិធី លោកស្រីប្រធានក្រុមការងារ ក៏បានឧបត្ថម្ភដល់អ្នកចូលរួមចំនួន ៦៧នាក់ (ស្រី ១៣នាក់) ដែលអញ្ជើញមកពី ១៥ភូមិ ដោយម្នាក់ៗទទួលបាន៖ ក្រមា ១, សារ៉ុង ១, បំពង់ទឹកក្ដៅ ១ និងថវិកាចំនួន ២ម៉ឺនរៀល ផងដែរ។




