(កំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមដំណើរដោយលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងតំណាងស្ថានទូតនានាប្រចាំកម្ពុជា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំ ក្នុងពិធីស្វែងយល់ពីបញ្ហាប្រឈម និងឱកាស កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលាឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំទាំងអស់ឱ្យលើកឡើងនូវរាល់កង្វល់ និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ដើម្បីឱ្យឯកឧត្តម និងក្រុមការងារធ្វើការជំរុញទៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។
យោងតាមរបាយការណ៍របស់លោកមេឃុំកំពង់ស្វាយ បានឱ្យដឹងថា បញ្ហាប្រឈមចម្បងដែលប្រជាពលរដ្ឋកំពុងជួបប្រទះ គឺភាពយឺតយ៉ាវក្នុងការធ្វើប្លង់កម្មសិទ្ធិដីធ្លី ដែលប៉ះពាល់ដល់សតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ។ ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ឯកឧត្តមនឹងជំរុញទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពន្លឿនការដោះស្រាយតាមរយៈយន្តការដែលមានស្រាប់។
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «យើងមិនត្រូវរង់ចាំឱ្យសម្តេច (នាយករដ្ឋមន្ត្រី) ចុះមកដោះស្រាយរាល់បញ្ហានោះទេ ព្រោះសម្តេចលោកមានភារកិច្ចមមាញឹកខ្លាំងណាស់សម្រាប់ប្រទេសជាតិទាំងមូល។ ហេតុនេះហើយ ទើបក្រុមការងារត្រូវចុះមកស្វែងយល់ផ្ទាល់ ដើម្បីស្វែងរកយន្តការសមស្របក្នុងការជួយសម្រាលបន្ទុក និងដោះស្រាយជូនមូលដ្ឋាន»។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតបានអំពាវនាវឱ្យមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋបន្តពង្រឹងសាមគ្គីភាព និងឯកភាពជាតិឱ្យកាន់តែរឹងមាំ ដើម្បីបង្ហាញពីការគាំទ្រដល់ការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ និងបន្តអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាជន៕

