​អាជ្ញាធរជលផល បង្ក្រាបបទល្មើសនេសាទបាន ៣ករណី នៅស្រុកស្ទោង

 

​(កំពង់ធំ)៖ មន្ត្រីរដ្ឋបាលជលផល សហការជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំ និងស្រុកស្ទោង បានចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅតាមចំណុចមួយចំនួន ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដោយសម្រេចបានចំនួន ៣ករណី ព្រមទាំងរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
​ប្រតិបត្តិការទី១៖ ដឹកនាំដោយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដោយមានការចូលរួមពីមន្ត្រីជំនាញ មន្ត្រីជាប់កិច្ចសន្យា និងកម្លាំងទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង បានចុះត្រួតពិនិត្យនៅចំណុចមាត់ព្រែកតាអ៊ួសទាល់ និងអាស៊ឹម ឃុំពាមបាង ស្រុកស្ទោង។ ជាលទ្ធផល បង្ក្រាបបានចំនួន ២ករណី ដោយរុះរើ និងបំផ្លាញចោល៖
​ របាំងសាច់ស្បៃមុង ៧របាំង (ប្រវែង ២៥០ម៉ែត្រ), ឡុក ៧គ្រឿង, លូ ៧មាត់, បង្គោល ១០០ដើម និងបានរំដោះត្រីប្រមាណ ៥គីឡូក្រាម ចូលទៅក្នុងធម្មជាតិវិញ។
​ករណីទី២៖ របាំងសាច់អួនក្រឡាញឹក ២របាំង (ប្រវែង ២០០ម៉ែត្រ), លូ/លប ៩មាត់, ឡុក ៦គ្រឿង, បង្គោល ១២០ដើម និងបានរំដោះត្រីប្រមាណ ២០គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ។
​ប្រតិបត្តិការទី២៖ ដឹកនាំដោយលោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ព្រមទាំងមន្ត្រីកិច្ចសន្យា សហគមន៍នេសាទស្ពានគ្រង និងកម្លាំងទីបញ្ជាការស្រាលប្រចាំស្រុកស្ទោង ក្រោមការដឹកនាំផ្ទាល់ពីលោក យ៉ុម ហឿន អភិបាលរងស្រុកស្ទោង បានចុះបង្ក្រាបនៅចំណុចចាក់ថ្លុក ឃុំចំណារក្រោម។ ជាលទ្ធផល បង្ក្រាបបាន ១ករណី រួមមាន៖
​របាំងស្បៃមុង ៣របាំង (ប្រវែង ២១០ម៉ែត្រ), ឡុក ៣គ្រឿង, លូ ៣មាត់, បង្គោល ៧៥ដើម និងបានរំដោះត្រីប្រមាណ ១០គីឡូក្រាម ចូលបឹងធម្មជាតិវិញ។
​ប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងការពារធនធានជលផល និងថែរក្សាប្រព័ន្ធអេកូឡូស៊ីធម្មជាតិឱ្យមាននិរន្តរភាព។
​ទោះបីជាយ៉ាងណា ស្របពេលដែលប្រជាពលរដ្ឋសម្តែងក្តីសាទរចំពោះសកម្មភាពចុះបង្ក្រាបជាប្រចាំរបស់សមត្ថកិច្ច ពលរដ្ឋមួយចំនួនក៏បានចោទជាសំណួរផងដែរថា កន្លងមក ការចុះបង្ក្រាបឃើញត្រឹមតែការបំផ្លាញឧបករណ៍នេសាទ ប៉ុន្តែមិនដែលឃើញមានការឃាត់ខ្លួនជនល្មើស ឬអ្នកប្រព្រឹត្ត យកមកផ្តន្ទាទោសតាមច្បាប់នោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *