លោក ហាក់ ម៉ុងហួត ចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនគ្រួសារងាយរងគ្រោះ ៣គ្រួសារ នៅស្រុកតាំងគោក


​(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ជនចាស់ជរាមានជំងឺប្រចាំកាយ និងជួបការលំបាកចំនួន ៣គ្រួសារ នៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
​សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ។
​ក្នុងឱកាសនោះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
​លោកបានសម្តែងនូវក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅ ចំពោះស្ថានភាពលំបាករបស់ប្រជាពលរដ្ឋទាំង ៣គ្រួសារ ព្រមទាំងបានលើកទឹកចិត្តឱ្យពួកគាត់បន្តតស៊ូជម្នះរាល់ឧបសគ្គ។ លោកបានបញ្ជាក់ថា អំណោយដែលបានចែកជូននាពេលនេះ នឹងជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃបានមួយកម្រិត។
​បន្ថែមពីនេះ លោក ហាក់ ម៉ុងហួត ក៏បានណែនាំដល់អាជ្ញាធរភូមិ-ឃុំ ឱ្យបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា ជនពិការ និងក្រុមងាយរងគ្រោះផ្សេងទៀត ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយបានទាន់ពេលវេលា។
​គួរបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនគ្រួសារទាំង ៣ រួមមាន៖
​អង្ករ
​មី
​ត្រីខ
​ទឹកសុទ្ធ
​និងថវិកាមួយចំនួន។
​ការចុះសួរសុខទុក្ខ និងប្រគល់អំណោយនាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូបឱ្យកាន់តែប្រសើរឡើង៕

Leave a Reply

Your email address will not be published. Required fields are marked *