(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សេវាកម្មប្រណិត ជំនាញសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ និងពិធីការជាតិ-អន្តរជាតិ» កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ៗដូចជា៖
លើកកម្ពស់គុណភាពសេវាកម្ម និងជំនាញលើក្បួនពិធីការក្នុងការរៀបចំកម្មវិធីផ្លូវការ ព្រមទាំងការទទួលបដិសណ្ឋារកិច្ចភ្ញៀវថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ឱ្យបានត្រឹមត្រូវ និងថ្លៃថ្នូរ។
លើកកម្ពស់ស្តង់ដារសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងការបម្រើភ្ញៀវកម្រិត VIP ឱ្យមានភាពប្រណិត។
ធ្វើស្តង់ដារនីយកម្មសេវាកម្មទូទាំងខេត្ត ដើម្បីលើកស្ទួយមុខមាត់ និងកិត្យានុភាពខេត្ត ព្រមទាំងទាក់ទាញកំណើនទេសចរ និងវិនិយោគិន។
លោក ហាន កុសល បានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការជំរុញឱ្យខេត្តកំពង់ធំ មានសេវាកម្មល្អប្រសើរ ជាពិសេសលើផ្នែកម្ហូបអាហារ និងភេសជ្ជៈ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនា ស្នាក់នៅ និងប្រើប្រាស់សេវាកម្មក្នុងខេត្ត ប្រកបដោយអនាម័យ សុវត្ថិភាព និងផាសុកភាព។
លោកបានបញ្ជាក់បន្ថែមថា ការបណ្តុះបណ្តាលជំនាញមិនត្រឹមតែផ្តោតលើការកែលម្អគុណភាពសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ ការបង្កើនឱកាសការងារនៅមូលដ្ឋាន គឺជាមធ្យោបាយមួយក្នុងការកាត់បន្ថយការចំណាកស្រុក ដោយផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលក្នុងសហគមន៍របស់ខ្លួន ដែលរួមចំណែកធ្វើឱ្យជីវភាពរស់នៅប្រសើរឡើង និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវ បានរៀបចំឡើងក្រោមគំនិតផ្តួចផ្ដើមរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានស្នើសុំឱ្យប្រធានមន្ទីរពាក់ព័ន្ធ ម្ចាស់ភោជនីយដ្ឋាន និងសណ្ឋាគារ បញ្ជូនមន្ត្រី-បុគ្គលិកជំនាញចំនួន ២នាក់ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនេះផងដែរ៕

