ខេត្តកំពង់ឆ្នាំង ៖ ក្រុមហ៊ុនម៉ៅការសំណង់ផ្លូវមួយកន្លែង កំពុងរងការរិះគន់យ៉ាងចាស់ដៃ និងប្រឈមមុខនឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងពីសំណាក់ក្រុមការងារបច្ចេកទេសខេត្ត អាជ្ញាធរស្រុក និងប្រជាពលរដ្ឋ បន្ទាប់ពីក្រុមហ៊ុននេះបានបង្ហាញការមិនទទួលខុសត្រូវ ដោយអនុវត្តគម្រោងខុសពីកិច្ចសន្យាបទដ្ឋានបច្ចេកទេសម្តងហើយម្តងទៀត មិនព្រមកែប្រែ។
ព័ត៌មានលម្អិតពីគម្រោង និងការលួចបន្លំគុណភាព
យោងតាមប្រភពពីប្រជាពលរដ្ឋមូលដ្ឋាន បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនដែលដេញថ្លៃបានគម្រោងនេះមានឈ្មោះថា «ប៉ូចក្វាត់»។ ក្រុមហ៊ុននេះទទួលបានសិទ្ធិម៉ៅការអនុវត្តគម្រោងជួសជុលផ្លូវក្រាលក្រួសក្រហម ដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំឆ្នាំ២០២៥ ដែលមានលក្ខណៈបច្ចេកទេសកំណត់ក្នុងកិច្ចសន្យារួមមាន៖
ប្រវែង៖ ៣,០០០ ម៉ែត្រ
ទទឹង៖ ៥ ម៉ែត្រ
កម្រាស់៖ ០.១៥ ម៉ែត្រ
សំណង់បន្ថែម៖ បង្ហៀរទឹក ១ កន្លែង និងស្លាកសញ្ញាគម្រោង ១
ទីតាំង៖ ភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សកម្មភាពមិនអាចទទួលយកបាន៖ គម្រោងនេះត្រូវបានអនុវត្តអូសបន្លាយឆ្លងឆ្នាំ។ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋហួសចិត្ត និងខឹងសម្បារយ៉ាងខ្លាំងនោះគឺ ក្រុមហ៊ុនបានឈូសឆាយផ្លូវដោយលុបទាំងសំរាម និងគល់ឈើបញ្ចូលទៅក្នុងគ្រឹះផ្លូវ។ លើសពីនេះ ក្រុមហ៊ុនមិនបានយកដីសស្ងួតមកចាក់ឡើយ គឺយកដីភក់ សើម ស្អុយ មកចាកធ្វើជាគ្រឹះផ្លូវ ដែលជាហេតុធ្វើឱ្យផ្លូវគ្មានគុណភាព និងមិនអាចរឹងមាំបានឡើយ។
កាន់តែធ្ងន់ធ្ងរជាងនេះ ថ្មីៗនេះក្រុមហ៊ុនបានសម្រុកកាយដីនៅចំណុចបឹងត្រាវ ស្ថិតក្នុងឃុំច្រេស ដែលជាប្រភេទដីខុសបទដ្ឋានបច្ចេកទេសទាំងស្រុង ដោយមានដីស្អិតពណ៌ក្រហមរហូតដល់ ៦៥% និងមានដីក្រួសតែ ៣៥% ប៉ុណ្ណោះ។ បើតាមលក្ខណៈបច្ចេកទេស គឺមិនអាចទទួលយកបានជាដាច់ខាត ប៉ុន្តែបែរជាអាជ្ញាធរឃុំមើលរំលង និងទទួលយកទៅវិញ។
ជំហរម៉ឺងម៉ាត់របស់អាជ្ញាធរស្រុក និងខេត្ត៖ «មិនសម្របសម្រួល មិនបើកលុយឱ្យ»
ជុំវិញករណីអសកម្មខាងលើនេះ លោក កុយ ញ៉ាន មេឃុំកំពង់ត្រឡាច មិនអាចទាក់ទងសុំការបំភ្លឺបានឡើយ ដោយទទួលបានព័ត៌មានហើយ ប៉ុន្តែមិនមានការឆ្លើយតប។
ទោះជាយ៉ាងណា ខាងរដ្ឋបាលស្រុក និងខេត្ត បានបង្ហាញជំហរយ៉ាងរឹងមាំក្នុងការចាត់វិធានការលើក្រុមហ៊ុនខិលខូចនេះ៖
លោក អាំ សុគន្ធ អភិបាលរងស្រុកកំពង់ត្រឡាច បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖
«ចំពោះករណីនេះ ក្រុមការងារស្រុកបានចុះពិនិត្យផ្ទាល់ និងបានបញ្ជាឱ្យផ្អាកសកម្មភាព ដោយមិនអនុញ្ញាតឱ្យយកដីកន្លែងហ្នឹងមកចាក់ទៀតឡើយ ហើយត្រូវតែដូររណ្ដៅដីចេញជាបន្ទាន់។ បើសិនជាក្រុមហ៊ុននៅតែមានមានះ មិនធ្វើតាមការណែនាំរបស់អាជ្ញាធរទេនោះ យើងនឹងផ្អាកក្រុមហ៊ុនធ្វើផ្លូវនេះតែម្ដង និងមិនទទួលយកការបិទបញ្ចប់គម្រោងជូនជាដាច់ខាត»។
លោក ហង្ស ពិសី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកំពង់ឆ្នាំង បានអះអាងបន្ថែមថា៖
«ដីប្រភេទនេះគឺមិនអាចទទួលយកបានឡើយ ទាំងរូបលោក ក្រុមការងារបច្ចេកទេស អាជ្ញាធរស្រុក និងប្រជាពលរដ្ឋ។ ចំពោះចំណុចដែលអាជ្ញាធរឃុំហ៊ានទទួលយកនោះ ចង់ឃុំទទួលយកក៏យកទៅ ចំណុចសំខាន់គឺខេត្តអត់ចេញរបាយការណ៍រីកចម្រើនជូនឡើយ ដែលមានន័យស្មើនឹងការមិនទទួលស្គាល់គម្រោងដូចគ្នា។ លុះត្រាតែម្ចាស់ក្រុមហ៊ុនម៉ៅការដូរចេញ ហើយដាក់ក្រួសក្រហមត្រឹមត្រូវតាមស្តង់ដារ ទើបខេត្តចេញរបាយការណ៍រីកចម្រើនឱ្យ។ រូបលោក មិនអាចអនុវត្តខុសនឹងនីតិវិធីច្បាប់ឡើយ»។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការវះកាត់ក្តៅៗរបស់អាជ្ញាធរស្រុក និងថ្នាក់ខេត្ត ហើយកំពុងរង់ចាំមើលថា តើក្រុមហ៊ុន «ប៉ូចក្វាត់» នឹងព្រមកែប្រែកំហុសបច្ចេកទេសដ៏ធ្ងន់ធ្ងរនេះ ឬក៏ត្រូវប្រឈមមុខនឹងការដកហូតអាជ្ញាប័ណ្ណ និងកញ្ចប់ថវិកា

