លោក គាត ហ៊ុល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងស្តុកសាច់បង្កកនៅក្រុងប៉ោយប៉ែត រកមិនឃើញសាច់នាំចូលខុសច្បាប់ពីថៃឡើយ)

​(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កកមួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីពង្រឹងការទប់ស្កាត់ការលួចនាំចូល និងរក្សាទុកសាច់បង្កកខុសច្បាប់ពីប្រទេសជិតខាង។
​ប្រតិបត្តិការចុះត្រួតពិនិត្យផ្ទាល់នេះ មានការចូលរួមសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រួមជាមួយមន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ មន្ត្រីគយនិងរដ្ឋាករ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរមូលដ្ឋានសង្កាត់-ក្រុងជាច្រើនរូប។
​ជាលទ្ធផលក្រោយការចុះពិនិត្យជាក់ស្តែងនៅតាមទីតាំងស្តុកនានា មន្ត្រីជំនាញបានរកឃើញថា ផលិតផលសាច់មាន់ ជង្គង់មាន់ ស្លាបមាន់ និងសាច់សត្វផ្សេងៗទៀត គឺសុទ្ធសឹងតែជាផលិតផលក្នុងស្រុក ដែលមានគុណភាពល្អ មានការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។ ក្រុមការងារមិនបានរកឃើញមានសាច់បង្កកលួចនាំចូលពីប្រទេសថៃ ដូចការព្រួយបារម្ភនោះឡើយ។
​ក្នុងឱកាសនោះដែរ លោក គាត ហ៊ុល បានណែនាំ និងអំពាវនាវដល់អាជីវករទាំងអស់ ឱ្យបន្តចូលរួមគាំទ្រផលិតផលក្នុងស្រុក និងត្រូវអនុវត្តតាមបទប្បញ្ញត្តិច្បាប់ឱ្យបានម៉ឺងម៉ាត់។ លោកបានសង្កត់ធ្ងន់ថា អាជីវករត្រូវជៀសវាងដាច់ខាតនូវការនាំចូល និងការរក្សាទុកទំនិញគេចពន្ធ ឬទំនិញគ្មានច្បាប់អនុញ្ញាតពីប្រទេសថៃ យកមកចរាចរណ៍លើទីផ្សារ ដែលអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
​អាជ្ញាធរក្រុងប៉ោយប៉ែត បានគូសបញ្ជាក់បន្ថែមថា គណៈបញ្ជាការឯកភាពក្រុង នឹងបន្តសហការជាមួយមន្ត្រីជំនាញ ដើម្បីចុះពិនិត្យជាប្រចាំដូចភ្លៀងរលឹម សំដៅធានាសុវត្ថិភាពចំណីអាហារ ការពារសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់គ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែន៕

Leave a Reply

Your email address will not be published. Required fields are marked *