​ឯកឧត្តម ចាន់ យុត្ថា៖ ការធ្វើបច្ចុប្បន្នភាព និងអនុម័តបញ្ជីសមាជិកថ្មី គឺដើម្បីធានាតម្លាភាព និងភាពជោគជ័យគ្រប់សមរភូមិបោះឆ្នោត

​(កំពង់ធំ)៖ ឯកឧត្តម ចាន់ យុត្ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រឡាយ និងឃុំពពក ស្រុកស្ទោង បានលើកឡើងថា ការធ្វើបច្ចុប្បន្នភាព និងការអនុម័តបញ្ជីសមាជិកថ្មី គឺជាកត្តាគន្លឹះក្នុងការធានាតម្លាភាព ភាពជាប្រជាធិបតេយ្យ និងធានាបាននូវជ័យជំនះរាល់សមរភូមិនៃការបោះឆ្នោត។
​ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី «ការចាប់ផ្តើម និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ឈានទៅដំណើរការ និងទទួលជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៦» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ។ កិច្ចប្រជុំនេះបានរៀបចំឡើងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ។
​យុទ្ធសាស្ត្រឆ្ពោះទៅកាន់ជ័យជំនះក្នុងការបោះឆ្នោតឆ្នាំ២០២៧
​នៅក្នុងឱកាសនោះ ឯកឧត្តម ចាន់ យុត្ថា បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួន ដើម្បីធានាឱ្យបាននូវលទ្ធផលឈ្នះយ៉ាងពិតប្រាកដ រួមមាន៖
​ភាពត្រឹមត្រូវនៃទិន្នន័យ៖ ការធ្វើបច្ចុប្បន្នភាពស្ថិតិសមាជិកគណបក្សត្រូវតែធ្វើឡើងឱ្យបានត្រឹមត្រូវ ជាក់លាក់ និងអនុវត្តបានខ្ជាប់ខ្ជួនតាមការណែនាំ។
​ការគោរពនីតិវិធី៖ ត្រូវគោរពតាមនីតិវិធីជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោត ស្របតាមសេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណបក្សប្រជាជនកម្ពុជា។
​ការទទួលខុសត្រូវខ្ពស់៖ ក្រុមការងារគណបក្សក្នុងមូលដ្ឋាន ត្រូវតែមានភាពប្រាកដប្រជានិងតម្លាភាពក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជី និងស្ថិតិសមាជិក-សមាជិកា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
​លក្ខណៈសម្បត្តិបេក្ខជនឈរឈ្មោះលេខរៀងទី១
​ឯកឧត្តមបានបន្ថែមថា ដើម្បីធានាបានថា «សមាជិកបក្សម្នាក់ គឺជាសន្លឹកឆ្នោតបានការ១សន្លឹក» បោះជូនគណបក្សប្រជាជនកម្ពុជា បេក្ខជនដែលត្រូវឈរឈ្មោះលេខរៀងទី១ (ជាមេឃុំ ឬជាប្រធានក្រុមប្រឹក្សាឃុំ) ត្រូវតែជាបុគ្គលដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
​មានសក្តានុពល និងប្រជាប្រិយភាពខ្លាំងក្នុងមូលដ្ឋាន
​មានទំនួលខុសត្រូវខ្ពស់លើការងារ
​មានស្មារតីសាមគ្គីភាពផ្ទៃក្នុងល្អប្រសើរ
​មានភាពស្មោះត្រង់និងស្វាមីភក្តិបំផុតចំពោះគណបក្ស
​ការប្តេជ្ញាចិត្តរបស់ក្រុមការងារមូលដ្ឋាន
​កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គីភាព និងស្និទ្ធស្នាលជាទីបំផុត។ ជាមួយគ្នានោះដែរ ក្រុមការងារគណបក្សទាំងអស់បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរៀបចំ និងអនុវត្តផែនការនយោបាយមូលដ្ឋាន ឱ្យបានសម្រេចជោគជ័យតាមការដាក់ជូនរបស់គណបក្សថ្នាក់លើ ដោយប្តេជ្ញាដណ្តើមយកឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ ឱ្យខាងតែបានដាច់ខាត៕

Leave a Reply

Your email address will not be published. Required fields are marked *