សមត្ថកិច្ចចម្រុះ ចុះឆែកឆេរឃ្លាំងស្តុកសាច់បង្កករាប់រយតោននៅខណ្ឌសែនសុខ សង្សង្ស័យនាំចូលពីថៃ

​ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះធ្វើការត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកដ៏ធំមួយ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជភ្នំពេញ ក្រោយពីមានការសង្ស័យថា មានការនាំចូលសាច់បង្កកទាំងនោះពីប្រទេសថៃ។
​យោងតាមប្រភពព័ត៌មានបឋមពីក្រុមប្រតិបត្តិការបានឱ្យដឹងថា ឃ្លាំងខាងលើនេះ គឺជាទីតាំងស្តុកសាច់បង្កកក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅរាប់រយតោនក្នុងមួយថ្ងៃៗ។ ប្រភពដដែលបានបន្តថា ទីតាំងនេះត្រូវបានម្ចាស់អាជីវកម្មជាច្រើននាក់ រួមគ្នាជួលសម្រាប់រក្សាទុកទំនិញ ដើម្បីបន្តចែកចាយទៅកាន់ទីផ្សារនានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
​សូមបញ្ជាក់ថា៖ គិតមកទល់ពេលនេះ មន្ត្រីជំនាញនៅមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេថា តើសាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងដ៏ធំនេះ ពិតជាត្រូវបាននាំចូលពីប្រទេសថៃ ឬពីប្រភពណាមួយឱ្យប្រាកដនោះទេ។
​ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏កំពុងធ្វើការផ្ទៀងផ្ទាត់ឯកសារច្បាប់ ដើម្បីស្វែងរកឱ្យឃើញថា តើការនាំចូល និងស្តុកទុកនេះមានភាពស្របច្បាប់ ឬមានភាពមិនប្រក្រតីណាមួយដែរឬយ៉ាងណា។

Leave a Reply

Your email address will not be published. Required fields are marked *