(ភ្នំពេញ)៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកខ្នាតធំមួយកន្លែង ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងបន្ទាប់ពីមានការសង្ស័យថា សាច់បង្កកទាំងនោះភាគច្រើនត្រូវបាននាំចូលមកពីប្រទេសថៃ ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។ នៅក្នុងឃ្លាំងខាងលើ គេសង្កេតឃើញមានស្តុកសាច់បង្កកជាច្រើនប្រភេទ រួមមាន៖
ប្រហិតសាច់ក្តាម
សាច់គោបង្កក
សាច់បង្កង និងគ្រឿងសមុទ្រផ្សេងៗទៀត។
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ឱ្យដឹងថា៖ «ឃ្លាំងមួយកន្លែងនេះ ត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់រាប់សិបតោនក្នុងមួយថ្ងៃៗ ដើម្បីបន្តចែកចាយទៅកាន់ទីផ្សារនានា នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត»។
ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ មន្ត្រីជំនាញកំពុងស្ថិតក្នុងដំណាក់កាលធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ទៅលើលិខិតស្នាម និងគុណភាពសាច់ ចំណែកលទ្ធផលផ្លូវការយ៉ាងណានោះ អាជ្ញាធរនឹងជម្រាបជូនព័ត៌មានបន្ថែមនៅពេលក្រោយ៕

