ភ្នំពេញ៖ ផ្អែកតាមការចុះផ្សាយផ្ទាល់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ផែង វណ្ណៈ នាថ្ងៃនេះ បានឱ្យដឹងថា មុខសញ្ញាអ្នកនាំចូលជង្គង់មាន់ និងសាច់មាន់បង្កកខុសច្បាប់ពីប្រទេសថៃ ត្រូវបានរកឃើញហើយ បន្ទាប់ពីមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
ទីតាំងស្តុក និងចែកចាយសាច់មាន់បង្កកដែលមានវេចខ្ចប់ជាអក្សរថៃទាំងនោះ ត្រូវបានរកឃើញនៅក្នុងឃ្លាំងមួយកន្លែង ស្ថិតនៅភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់លោកស្រី អ៉ឹម សុផាណារ៉ា និងស្វាម៉ី។ ករណីនេះបានបង្កើតជាសំណួរដេញដោលពីមហាជនថា តើទំនិញខុសច្បាប់ទាំងនេះអាចឆ្លងកាត់តាមច្រកព្រំដែនណា និងមានការអោយដៃពីសមត្ថកិច្ចពាក់ព័ន្ធណាខ្លះ?
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ក្រោមការសម្របសម្រួលផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងតែបន្តនីតិវិធីត្រួតពិនិត្យ ឆែកឆេរ និងដកហូត ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
ការនាំចូលសាច់សត្វ និងផលិតផលសត្វបង្កកដោយគ្មានការអនុញ្ញាត មិនត្រឹមតែជាអំពើល្មើសច្បាប់ពាណិជ្ជកម្ម និងគយប៉ុណ្ណោះទេ ប៉ុន្តែវាជាបទល្មើសដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ យោងតាមច្បាប់ជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកប្រព្រឹត្តអាចប្រឈមនឹងការទទួលខុសត្រូវ និងស្ថានទម្ងន់ទោសដូចខាងក្រោម៖
ការដកហូត និងបំផ្លាញចោល៖ វត្ថុតាង (សាច់បង្កកខុសច្បាប់) ទាំងអស់នឹងត្រូវរឹបអូស និងយកទៅដុតបំផ្លាញចោលជាដាច់ខាត ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ដោយមិនមានការទាមទារសំណងឡើយ។
ទោសទណ្ឌតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតផលមានដើមកំណើតពីសត្វ៖ ការនាំចូលផលិតផលសត្វដោយគ្មានលិខិតអនុញ្ញាត និងគ្មានការត្រួតពិនិត្យអនាម័យ ត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ រហូតដល់ការដាក់ពន្ធនាគារ ទៅតាមកម្រិតនៃផលប៉ះពាល់។
៖ ឃ្លាំងស្តុក និងចែកចាយ ព្រមទាំងអាជីវកម្មពាក់ព័ន្ធរបស់បុគ្គលល្មើស អាចនឹងត្រូវផ្អាក ឬបិទជាស្ថាពរ។
(បើរកឃើញសារធាតុគីមី): ប្រសិនបើលទ្ធផលពិនិត្យមន្ទីរពិសោធន៍រកឃើញថា សាច់បង្កកទាំងនោះមានផ្ទុកសារធាតុគីមីហាមឃាត់ (ដូចជាហ្វ័រម៉ាលីន ឬសារធាតុរក្សាទុកឱ្យបានយូរ) ដែលប៉ះពាល់អាយុជីវិតមនុស្ស ជនល្មើសនឹងត្រូវចោទប្រកាន់បន្ថែមពីបទល្មើសព្រហ្មទណ្ឌ យោងតាមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលមានទោសទណ្ឌជាប់ពន្ធនាគារកាន់តែធ្ងន់ធ្ងរ។

