: ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បើកកិច្ចសវនកម្មផ្ទៃក្នុង ត្រួតពិនិត្យការងារ និងពង្រឹងការផ្តល់សេវាសាធារណៈ


  1. ​(កំពង់ធំ)៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានកងកម្លាំងចូលរួមសរុបចំនួន ២៨០នាក់។
    ​ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង តំណាងឱ្យលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានរាយការណ៍សង្ខេបអំពី៖
    ​រចនាសម្ព័ន្ធចាត់តាំង និងការគ្រប់គ្រងដឹកនាំបញ្ជាកងកម្លាំង
    ​ការកសាងអគារមុខងារ និងការដាំដើមឈើលម្អសោភ័ណភាពបរិស្ថាន
    ​លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសប្រារព្ធព្រឹត្តិការណ៍សំខាន់ៗនាពេលកន្លងមក ដែលធានាបានសុខសុវត្ថិភាពល្អប្រសើរជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា។
    ​លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់បន្ថែមថា ស្នងការដ្ឋាននគរបាលខេត្ត បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់កិច្ចសហការ ក៏ដូចជាការផ្តល់ព័ត៌មាន និងឯកសារពាក់ព័ន្ធគ្រប់ជ្រុងជ្រោយតាមវិស័យជំនាញនីមួយៗ ជូនដល់ក្រុមការងារសវនកម្មផ្ទៃក្នុង។
    ​មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន បានលើកឡើងថា ការងារសវនកម្មផ្ទៃក្នុង គឺដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង ពង្រឹងសមត្ថភាពអង្គភាព និងធានាបាននូវប្រសិទ្ធភាពក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របតាមបទបញ្ជា និងបទដ្ឋានគតិយុត្តនានារបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។
    ​ជាមួយគ្នានេះ លោកអគ្គនាយករង បានដាក់ចេញនូវគោលការណ៍ណែនាំចំនួន ០៦ចំណុច ដែលស្នងការដ្ឋានត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន៖
    ​១. ត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តកែលម្អតាមអនុសាសន៍គ្រាមុន។
    ២. ពង្រឹងការងារគ្រប់គ្រងធនធានមនុស្ស។
    ៣. ពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុ។
    ៤. ពង្រឹងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។
    ៥. ពិនិត្យវឌ្ឍនភាពនៃការប្រើប្រាស់ថវិកាឧបត្ថម្ភគាំទ្រគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងការចុះសៀវភៅបញ្ជីចំណូល-ចំណាយ ដែលក្រសួងមហាផ្ទៃបានផ្តល់ជូន ដើម្បីធានាការគ្រប់គ្រងថវិការដ្ឋចំគោលដៅ មានតម្លាភាព និងសន្សំសំចៃ។
    ៦. ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។
    ​បន្ថែមលើនេះ លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំស្នងការដ្ឋាន អធិការដ្ឋាន និងជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវបន្តចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ។ ត្រូវសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នុងភូមិសាស្ត្រទទួលខុសត្រូវ តាមរយៈការបង្កើនការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងពង្រឹងវិធានការស្រាវជ្រាវស៊ើបអង្កេត។ ទន្ទឹមនឹងនោះ ត្រូវអនុវត្តវិធានការច្បាប់ និងនីតិវិធីផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំឱ្យបានម៉ឺងម៉ាត់ អនុលោមតាមប្រកាសអន្តរក្រសួងលេខ ១៦១។
    ​ជាកិច្ចបញ្ចប់ លោកអគ្គនាយករង បានសម្តែងនូវក្តីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា សកម្មភាពចុះធ្វើសវនកម្មផ្ទៃក្នុងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនាឱកាសនេះ នឹងទទួលបានជោគជ័យតាមការរំពឹងទុក ពោលគឺសម្រេចបានស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *