(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលតែងតែកើតមានឡើងនារដូវវស្សានេះ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ។
ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកអភិបាលស្រុក អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ លោក សាយ គឹមឡម បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងជាមួយគ្រួសាររងគ្រោះទាំងអស់ ដែលត្រូវខូចខាតផ្ទះសម្បែង និងជម្រកស្នាក់នៅ ដោយសារឧប្បទ្ទវហេតុគ្រោះធម្មជាតិដែលមិនអាចមើលឃើញមុន។ ជាមួយគ្នានេះ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលជានិច្ចកាល ឯកឧត្តមតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត។
ដើម្បីម្ចាស់ការលើការងារសង្គ្រោះ លោកអភិបាលស្រុក បានជំរុញ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមមានមេភូមិ អនុភូមិ ជំនួយការភូមិ និងរដ្ឋបាលឃុំ ត្រូវ៖
តាមដានឱ្យបានជាប់ជាប្រចាំនូវរាល់ការប្រែប្រួលអាកាសធាតុ និងស្ថានភាពគ្រោះធម្មជាតិក្នុងមូលដ្ឋាន។
រៀបចំរបាយការណ៍ និងរាយការណ៍ព័ត៌មានឱ្យបានទាន់ពេលវេលា។
សហការស្នើសុំស្បៀងសង្គ្រោះបឋមមកកាន់រដ្ឋបាលស្រុក និងក្រុមការងារចុះជួយមូលដ្ឋាន ដើម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋបានទាន់ចិត្ត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ និងទទួលបានអំណោយសង្គ្រោះនៅពេលនេះ មានចំនួន ១៦គ្រួសារ។ ក្នុងមួយគ្រួសារៗទទួលបាន៖
អង្ករ ១បេមី ១កេសទឹកស៊ីអ៊ីវ ១យួរត្រីខ ១យួរ១យួ។

