កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង ឃាត់រថយន្តដឹកជញ្ជូនផ្ទុកខុសបច្ចេកទេស ២គ្រឿង ដើម្បីអប់រំណែនាំ និងពង្រឹងច្បាប់ចរាចរណ៍


​(កំពង់ឆ្នាំង)៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងកងរាជអាវុធហត្ថខេត្ត បានចុះអនុវត្តវិធានការរឹតបន្តឹងច្បាប់ និងបានធ្វើការឃាត់រថយន្តចំនួន ០២គ្រឿង ដែលបើកបរល្មើសច្បាប់។
​យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា រថយន្តទាំង ០២គ្រឿងនោះ ត្រូវបានរកឃើញថាមានការផ្ទុកទំនិញខុសលក្ខណៈបច្ចេកទេស និងមានចំណុចខ្វះខាតផ្នែកបច្ចេកទេសផ្សេងៗទៀត ដូចជា៖
​កែច្នៃកាង (តាកេ) ខុសខ្នាត
​ប្រើប្រាស់សំបកកង់សឹករិករិលខ្លាំង (ប្រថុយប្រថាននឹងការផ្ទុះ)
​មិនមានបំពាក់ឧបករណ៍សញ្ញាត្រីកោណសម្រាប់គ្រាអាសន្ន។
​ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទូទៅ សមត្ថកិច្ចចម្រុះបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់យានយន្ត ព្រមទាំងបានផ្សព្វផ្សាយបន្ថែមអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មុននឹងអនុញ្ញាតឱ្យកែសម្រួលលក្ខណៈបច្ចេកទេសឡើងវិញ។
​ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនអ្នកបើកបររថយន្តដឹកជញ្ជូន និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវមុនធ្វើដំណើរ ដើម្បីចូលរួមកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
​«ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!»

Leave a Reply

Your email address will not be published. Required fields are marked *