ផ្ទះថ្មីចំនួន ៣៥ខ្នងបន្ថែមទៀត កំពុងសាងសង់ជូនគ្រួសារអតីតយុទ្ធជន នៅមណ្ឌលអភិវឌ្ឍន៍ថ្លុកព្រីង ​ខ្លឹមសារព័ត៌មានលម្អិត

​ខេត្តកំពង់ធំ៖ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធាន និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការីចុះត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៣៥ខ្នងបន្ថែមទៀត។
​ផ្ទះទាំងនេះ កំពុងដំណើរការសាងសង់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីផ្តល់ជូនគ្រួសារអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះពិតប្រាកដ ឬកំពុងរស់នៅលើដីសាធារណៈរបស់រដ្ឋ។
​ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា មណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងនេះ បានដំណើរការរៀបចំជូនបងប្អូនអតីតយុទ្ធជនតាំងពីឆ្នាំ២០២១ ដោយបានធ្វើការចាប់ឆ្នោតប្រគល់ផ្ទះ និងប្លង់ដីឡូតិ៍ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ គិតមកដល់ពេលនេះ មានរយៈពេល ៥ឆ្នាំហើយ ដែលបច្ចុប្បន្នមានគ្រួសារអតីតយុទ្ធជនកំពុងរស់នៅជាក់ស្តែងចំនួន ២០៦គ្រួសារ។
​ការសាងសង់ផ្ទះ និងការរៀបចំដីសម្បទានសង្គមកិច្ចនៅក្នុងមណ្ឌលនេះ ត្រូវបានធ្វើឡើងជា ៣ដំណាក់កាល រួមមាន៖
​ដំណាក់កាលទី១ (២១ ឧសភា ២០២១)៖ បានផ្តល់ជូនគ្រួសារអតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីទំហំ ១ហិកតាកន្លះ។
​ដំណាក់កាលទី២ (១៧ កុម្ភៈ ២០២៥)៖ បានផ្តល់ជូនចំនួន ៦៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីទំហំ ១ហិកតា។
​ដំណាក់កាលទី៣ (បច្ចុប្បន្ន)៖ កំពុងដំណើរការសាងសង់ផ្ទះចំនួន ៣៥ខ្នងបន្ថែមទៀត ដោយគ្រោងរៀបចំផ្តល់ដីលំនៅឋានជូនទំហំ ១,២៥០ ម៉ែត្រការ៉េ/គ្រួសារ ព្រមទាំងរៀបចំដីសម្រាប់បង្កបង្កើនផលដោយឡែកផ្សេងទៀត។
​ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមឯកឧត្តម នួន ផារ័ត្ន បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលជានិច្ចកាលតែងតែគិតគូរសម្រេចផ្តល់ដីសម្បទានសង្គមកិច្ច សាងសង់ផ្ទះ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា មានដូចជា ផ្លូវថ្នល់ អណ្តូងទឹកស្អាត និងបណ្តាញអគ្គិសនី ជូនដល់បងប្អូនអតីតយុទ្ធជន។
​ជាទីបញ្ចប់ លោកក៏បានគោរពជូនពរ សម្ដេច និងលោកជំទាវ ឱ្យទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *