(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅចែកជូនដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកំពង់ធំ។
ពិធីនេះមានការអមដំណើរដោយ លោក កែ ប៊ុនហួរ ប្រធានពន្ធនាគារខេត្ត, លោកស្រី តុប ច័ន្ទកញ្ញា ប្រធានអង្គការសង្គ្រោះជនទុរគត និងមនុស្សចាស់ និងលោក លី សុភារ៉ា ប្រធានការិយាល័យជំនួយសង្គម នៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ បានលើកឡើងថា គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្ត តែងតែផ្សារភ្ជាប់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយបានជួយដោះស្រាយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីជួយសម្រាលការលំបាកខ្វះខាតជូនដល់ស្ត្រី និងកុមារទីទ័លក្រ ទាំងក្រៅពន្ធនាគារ និងអ្នកកំពុងជាប់ឃុំនៅក្នុងខេត្តកំពង់ធំឱ្យបានទាន់ពេលវេលា។
លោកជំទាវប្រធានគណៈកម្មាធិការ បានបន្តថា ការចុះជួយឧបត្ថម្ភនេះ គឺអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយការលំបាក និងជួយសម្រួលដល់ជីវភាពរស់នៅរបស់អ្នកជាប់ពន្ធនាគារ ឱ្យបានកាន់តែល្អប្រសើរឡើង។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដែលគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ សហការជាមួយអង្គការសង្គ្រោះជនទុរគត និងមនុស្សចាស់ នាំយកមកចែកជូននាពេលនេះ គឺដើម្បីជាការលើកទឹកចិត្ត និងជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូននៅក្នុងពន្ធនាគារបានមួយកម្រិតធំ។

