(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានចេញសារអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមគោរព និងថែរក្សាទ្រព្យសម្បត្តិសាធារណៈ ឱ្យបានគង់វង្ស ដោយឡែកសូមបញ្ឈប់ជាបន្ទាន់នូវរាល់ទង្វើបំផ្លិចបំផ្លាញ ឬលួចបំពង់ភ្លើងសូឡាដែលបានបំពាក់តាមដងផ្លូវ។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានករណីជនខិលខូចមួយចំនួន បានធ្វើសកម្មភាពលួច និងបំផ្លិចបំផ្លាញបង្គោលភ្លើងសូឡាសាធារណៈ ដែលជាសមិទ្ធផលសម្រាប់បម្រើដល់ផលប្រយោជន៍ និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ៖ «អំពូលដែលលួចយកទៅលក់នោះ មិនមានតម្លៃជាទឹកប្រាក់ច្រើននោះទេ ប៉ុន្តែវាបានធ្វើឱ្យខូចខាតដល់ប្រយោជន៍រួមរបស់សហគមន៍យ៉ាងធ្ងន់ធ្ងរ»។
ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ធំ សូមសង្កត់ធ្ងន់ និងស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដើរតួជាម្ចាស់ និងចូលរួមសហការការពារ ថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា ព្រោះសមិទ្ធផលទាំងនេះកើតឡើងពីការគិតគូរ និងការខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍក្នុងមូលដ្ឋាន និងសេចក្តីសុខសាន្តរបស់បងប្អូនទាំងអស់គ្នា៕

