ដោយ : ភ្នំធំ / កោះកុង :រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ថៃបានពិភាក្សាគ្នាលើសំណើពីភាគីជប៉ុន ( Japan Side ) ដើម្បីឱ្យបើកច្រកព្រំដែនកម្ពុជា ថៃមួយចំនួនឡើងវិញ សម្រាប់ការចរាចរទំនិញចាំបាច់។
ការពិភាក្សានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី១០ ខែកញ្ញា ដែលធ្វើឡើងនៅក្រុងខេមរ:ភូមិន្ទខេត្តកោះកុង។
យោងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា បានអោយដឹងថា : នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ ជាមួយរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃលោក ណាត់ថាក់ផុន ណាកផានីត (Nattaphon Narkphanit) បានពិភាក្សាគ្នាដើម្បីដាក់ចេញនូវជំហានជាក់ស្ដែងនានាចាំបាច់ ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
សេចក្ដីប្រកាសព័ត៌មានបានបន្តថា : នៅក្នុងជំនួបនោះ ភាគីកម្ពុជាបានជំរុញឱ្យថៃដោះលែងទាហានកម្ពុជា១៨នាក់ ឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាលើលក្ខខណ្ឌប្រតិបត្តិសម្រាប់បង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីឱ្យរដ្ឋាភិបាលប្រទេសទាំងពីរអនុម័ត។
លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានទៀតថា : អង្គប្រជុំក៏បានពិនិត្យលើសំណូមពររបស់ប្រទេសជប៉ុន ដែលចង់ឱ្យប្រទេសទាំងពីរពិចារណាបើកច្រកព្រំដែនមួយចំនួនឡើងវិញ សម្រាប់ដឹកទំនិញចាំបាច់ ក្នុងការធានាដល់ខ្សែចង្វាក់ផ្គត់ផ្គង់។
មេបញ្ជាការភូមិភាគទី២, ទី១និងបញ្ជាការដ្ឋានកងការពារព្រំដែនច័ន្ទបូរី ត្រាត តាមបញ្ជាររបស់ក្រុមប្តឹក្សាសន្តិសុខជាតិ របស់ថៃបានចេញបញ្ជាជាឯកតោភាគីឱ្យបិទច្រកព្រំដែនអន្តរជាតិទាំង៧ ច្រកព្រំដែនតំបន់ និងច្រកទ្វារភាគី/របៀងទាំងអស់លើបណ្តោយព្រំដែនគោកប្រវែងជាង៨០០គម នៃខេត្ត៧របស់កម្ពុុជានិង៧ ខេត្តរបស់ថៃចាប់តាំងពីថ្ងៃទី៧ និងបន្តបន្ទាប់ទី២៣ ខែមិថុនា លើកលែងការឆ្លងកាត់របស់មនុស្សធម៌ ខណៈពលរដ្ឋកម្ពុជាបានប្រកាសធ្វើពហិកាមិនប្រើប្រាស់ទំនិញពីប្រទេសថៃ ស្របពេលប្រទេសទាំងពីរកើនឡើងភាពតានតឹងដោយសារជម្លោះព្រំដែននៅមុំបី ច្រកអានសេះ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ៕

