ដោយ : ភ្នំធំ / ព្រំដែនថៃ កម្ពុជា -ខេត្តស្រះកែវ :ពលរដ្ឋខ្មែរ(ពលករ) ៥០នាក់ត្រូវបានក្រុមទាហានកងពលបូរ៉ាផា របស់សៀមនៅខេត្តស្រះកែវ ចាប់ខ្លួនបានពេលឆ្លងដែនខុសច្បាប់ចូលដីសៀមកាលពីយប់ថ្ងៃទី៧ខែកញ្ញា។
យោងប្រភពព័ត៌មានអោយដឹងថា: ពលរដ្ឋខ្មែរម្នាក់បានបង់ប្រាក់អោយមេខ្យល់អស់១៥០ដុល្លារអាមេរិក ហើយមេខ្យល់បានបោកប្រាសថានៅសៀម គេអោយប្រាក់ឈ្នួលទ្វេរដងក្នុងអំឡុងពេលដែលពលករខ្មែរជិត១លាននាក់ បានចាកចេញទៅមាតុប្រទេស ហើយកន្លែងការងារខ្វះកម្លាំងពលកម្មយ៉ាងខ្លាំង ។
ប្រភពបន្តថា: ពលករខ្មែរទាំងនោះ ត្រូវចេញពីព្រំដែនកម្ពុជា នាភូមិសាស្ត្រឃុំអូរសំព័រស្រុកម៉ាឡៃ ដែលឈរជើងដោយនគរបាល វរសេនាតូចការពារព្រំដែននៃនគរបាលខេត្តនិងវរសេនាតូចនៃយោធាខេត្តនៅបន្ទាយមានជ័យ ។
គួររំលឹកថា កាល ពីសប្តាហ៍មុន ក៏មានពលករខ្មែរបានជ្រៀតចេញតាមព្រំដែនកម្ពុជា ថៃភូមិសាស្ត្រស្រុកម៉ាឡៃ ហើយត្រូវទាហានឈុតខ្មៅថៃចាប់បានផងដែរ ។
ហើយថ្ងៃទី៩ខែកញ្ញា នគរបាលវរសេនាតូចការពារព្រំដែនលេខ៨១៥ នៃនគរបាលខេត្ត ក៏បានស្ទាក់ឃាត់ខ្លួនបានមុននូវពលករខ្មែរ១៤នាក់ ដែលប្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសសៀម ៕

