-
Noដោយ : ភ្នំធំ / បាងកក-ថៃ:តុលាការកំពូលថៃ នាព្រឹកថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២៥ នេះ បានចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារលោក Thaksin រយៈពេលមួយឆ្នាំ ។
ពីល្ងាចមិញ តុលាការកំពូលកំពុងប្រើអំណាចកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលចុះនួន១០០នាក់ការពារការប្រកាសសាលក្រមថាក់សីននៅថ្ងៃនេះ ។
អមដោយលោកស្រីផែថងថាន លោកថាក់ស៊ីននៅព្រឹកថ្ងៃអង្គារនេះបានទៅដល់តុលាការកំពូលថៃស្តាប់សុំណុំរឿងរបស់លោកនៅជាន់ទី១៤ពាក់ព័ន្ធទៅនឹងសុំណុំរឿងលោកយកលេសឈឺមិនដេកក្នុងពន្ធនាគារកាលពីឆ្នាំ ២០២៣ នោះ ។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP
តុលាការកំពូលថៃ នៅថ្ងៃអង្គារ ទី៩ ខែកញ្ញានេះ បានចេញសាលក្រមផ្តន្ទាទោសអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យជំនួសឱ្យការជាប់ពន្ធនាគារ ក្រោយរូបលោកត្រឡប់ចូលស្រុកវិញកាលពីឆ្នាំ២០២៣។
តុលាការកំពូលថៃ នៅថ្ងៃអង្គារនេះបានសម្រេចថាការសម្រាកព្យាបាលរបស់លោក Thaksin ក្នុងមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារត្រឹមត្រូវតាមផ្លូវច្បាប់ នោះទេ។
ហេតុនេះ តុលាការកំពូលថៃបានសម្រេចដូច្នេះថា «ការបញ្ជូនរូបលោក (លោក Thaksin) ទៅកាន់មន្ទីរពេទ្យមិនត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជនជាប់ចោទបានដឹងយ៉ាងច្បាស់ថាសុខភាពខ្លួនឯងមិនមែនជាបញ្ហាបន្ទាន់នោះទេ ដូច្នេះការសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារឡើយ»។
សូមរំលឹកថា លោក Thaksin បានធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់រយៈពេល១៥ឆ្នាំ។
ពេលត្រឡប់មកដល់ថៃ លោកត្រូវបាន តុលាការផ្តន្ទាទោសឱ្យជាប់ពន្ធគារ៨ឆ្នាំពីបទជម្លោះផលប្រយោជន៍ និងរំលោភអំណាច ហើយទោសនេះត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយមនៅត្រឹម១ឆ្នាំ។
ប៉ុន្តែលោកបានចូលក្នុងពន្ធនាគារតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលំដាប់ VIP មួយក្នុងទីក្រុងបាងកកក្រោមហេតុផលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
លោក Thaksin បានដេកសម្រាកព្យាបាលដល់ទៅ៦ខែ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ។
កាលពីថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២៥ មួយថ្ងៃមុនសភាថៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីទី៣២ ដែលលទ្ធផល គណបក្សភឿថៃរបស់លោកថាក់ស៊ីនត្រូវបរាជ័យ ហើយតំណែងនាយករដ្ឋមន្ត្រីបានទៅលោកអនុធិន ឆានវីរៈគូន ប្រធានគណបក្សភូមិចៃថៃ នោះ លោកថាក់ស៊ីន បានចាកចេញពីប្រទេសតាមយន្តហោះពិសេសរបស់លោកទៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម អេមីរ៉េត ។
ប៉ុន្តែ ទីបំផុតយន្តហោះឯកជនរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក Thaksin Shinawatra បានចុះចតនៅអាកាសយានដ្ឋាន Don Mueang នៃទីក្រុងបាងកកវិញនៅថ្ងៃទី៨ខែកញ្ញា។
ហើយថ្ងៃទី៩ខែកញ្ញា នេះ លោកបានឡើងទៅស្តាប់និងទទួលយក សាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារពីតុលាការកំពូលជាធម្មតា ៕

