​កាកបាទក្រហមកម្ពុជា នាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនពលរដ្ឋ៣៣៣គ្រួសារ នៅកំពង់ឆ្នាំង


​ខេត្តកំពង់ឆ្នាំង ៖ កាកបាទក្រហមកម្ពុជាបានរៀបចំពិធីចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន ៣៣៣ គ្រួសារ មកពីស្រុក-ក្រុងចំនួន៤ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមដោះស្រាយការលំបាករបស់ពួកគាត់។ ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥។
​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
​ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវព្រះរាជបណ្ដាំផ្ញើសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងខេត្តកំពង់ឆ្នាំង និងជូនពរឲ្យជួបតែសេចក្ដីសុខ។ លោកជំទាវបានមានប្រសាសន៍បន្ថែមថា កាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូបដែលជួបការលំបាក ដូចជា ចាស់ជរា កុមារកំព្រា ស្ដ្រីមេម៉ាយ ជនពិការ និងអ្នករងគ្រោះដោយគ្រោះធម្មជាតិ ដោយមិនទុកឲ្យនរណាម្នាក់ឯកោឡើយ។
​លោកជំទាវក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយរក្សាអនាម័យស្អាត ជៀសវាងជំងឺផ្សេងៗ និងហូបអាហារដែលល្អសម្រាប់សុខភាព។ ចំពោះស្ដ្រីមានផ្ទៃពោះ លោកជំទាវបានជំរុញឲ្យទៅពិនិត្យសុខភាពឲ្យបានទៀងទាត់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។
​សម្រាប់ពិធីចែកអំណោយនេះ គឺត្រូវបានរៀបចំឡើងជា ៣ លើក ហើយនេះជាលើកទី១ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ៣៣៣ គ្រួសារ មកពីស្រុក-ក្រុងចំនួន៤ គឺ ក្រុងកំពង់ឆ្នាំង ស្រុកជលគិរី ស្រុកទឹកផុស និងស្រុកកំពង់លែង។ ក្នុងមួយគ្រួសារៗទទួលបាន៖
​អង្ករ ៣០ គីឡូក្រាម
​មី ១ កេស
​ទឹកត្រី ១ យួរ
​ទឹកស៊ីអ៊ីវ ១ យួរ
​សាប៊ូកក់សក់ ១ ដប
​ម្សៅសាប៊ូ ១ កញ្ចប់
​ឈុតសម្ភារៈ ១ (មានមុង១ ភួយ១ សារុង១ និងក្រមា១)
​បាការី ១ យួរ
​ថវិកា ៣ ម៉ឺនរៀល
​យោងតាមរបាយការណ៍របស់ឯកឧត្តម សុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២៥ កន្លងទៅនេះ សាខាកាកបាទក្រហមខេត្តបានជួយដល់ប្រជាពលរដ្ឋសរុបចំនួន ៣១៨ គ្រួសារ ក្នុងករណីគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងជួយដល់ជនដែលងាយរងគ្រោះដូចជា ស្ដ្រីមេម៉ាយមានកូនច្រើន ចាស់ជរាគ្មានទីពឹង ជនពិការ និងកុមារកំព្រា។ លើសពីនេះ រដ្ឋបាលខេត្តក៏បានចុះជួយឧបត្ថម្ភដល់កងទ័ពនៅតាមបន្ទាត់ព្រំដែន និងបានចូលរួមបរិច្ចាគឈាមដើម្បីជួយដល់កងទ័ពផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *