នាយករដ្ឋមន្រ្តីទី៣២របស់ថៃ លោកអនុទីន ឆានវីរ៉ៈគូណ ជានរណា ? មុនបោះឆ្នោតថ្លែងថា “កម្ពុជាឈ្លានពានថៃដើម្បីបានការគាំទ្រ” , បន្ទាប់ពីស្តេចឡាយតែងតាំង

 

ថ្លែងថា ” ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី”
ដោយ : ភ្នំធំ / បាងកក-ថៃ:សភាថៃបានបើកសម័យប្រជុំនៅថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៥កន្លងមក ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺលោកអនុធិន ឆានវីរៈគូន ប្រធានគណបក្សភូមិចៃថៃ ដែលបានទទួលសំឡេងឆ្នោតគ្រប់គ្រាន់ ក្លាយជានាយករដ្ឋមន្ត្រី និងចាប់ផ្តើមបង្កើតរដ្ឋាភិបាល។
*ជ័យជំនះរបស់អតីតសម្ព័ន្ធភាព :
លទ្ធផលដែលបានបង្ហាញអំពីបរាជ័យរបស់គណបក្សភឿថៃ របស់លោកស្រីផែថងថាន ស៊ីណាវ៉ាត់ កូនស្រីពៅរបស់លោកថាក់ស៊ីន។
ហើយប៉ុន្មានម៉ោងមុនសភាបោះឆ្នោត លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្ថាបនិកគណបក្សភឿថៃ បានធ្វើដំណើរតាមយន្តហោះចាកចេញពីប្រទេសភ្លាមៗផងដែរ ហើយទីបំផុតបានទៅដល់ទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម អេមីរ៉េត ។

សូមបញ្ជាក់ថា ក្រោយ​ការផ្ទៀងផ្ទាត់លើលទ្ធផលស្ថាពរជាផ្លូវការនៃការបោះឆ្នោតក្នុងសភាថៃ កាលពីថ្ងៃទី៥កញ្ញា នោះគឺលោក អនុធិន ឆានវីរៈគូន (อนุทิน ชาญวีรกูล)​ បានទទួលសំឡេងឆ្នោតគាំទ្រចំនួន​៣១១សំឡេង ។
ចំណែក​លោក​ ឆៃក្សេម និទិស៊ិរី បេក្ខជនរបស់បក្សភឿថៃ បានទទួលសំឡេងឆ្នោតចំនួន១៥២សំឡេង។ ពោលគឺទទួលបានសម្លេងគាំទ្រ ៣១១ លើ៤៩២។​

គួរកត់សម្គាល់ថា មុនទទួលបានការគាំទ្រពីពលរដ្ឋថៃ ក៏ដូចស្តេច អ្នកនយោបាយនិងអ្នកតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភាថៃ លោក អនុធិន ឆានវីរៈគូន បានថ្លែងសារនយោបាយមួយដែលបញ្ឆេះស្មារតីជាតិនិយមនិងស្នេហាជាតិដោយនិយាយថា ចំពោះមុខនេះយើងត្រូវរួបរួមសាមគ្គីភាព ឯកភាពគ្នាតទល់នឹង(កម្ពុជា)ដែលឈ្លានពានទឹកដីរបស់យើង។
សូមរំលឹកថា គណបក្សភូមិចៃថៃ ធ្លាប់ជាសម្ព័ន្ធភាពរបស់គណបកកសភឿថៃក្នុងរាជរដ្ឋាភិបាលចម្រុះដឹកនាំដោយលោកស្រេតថា ថាវីស៊ីន .បន្ទាប់មកលោកស្រីផែថងថាន ស៊ីណាវ៉ាត់ជានាយករដ្ឋមន្ត្រី ។ ដោយលោកអនុធិន ឆានវីរៈគូន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ប៉ុន្តែ ចុងក្រោយលោកថាក់ស៊ីននិងលោកស្រីអ៊ុងអ៊ីន បានដាក់សម្ពាធអោយលោកអានុធិនលាលែងពីតំណែង ដើម្បីយកកៅអីលោកមកប្រគល់អោយកូតាគណបក្សភឿថៃ គឺអោយលោក ភូមថាំ វេឆាយ៉ាឆៃ ពីរដ្ឋមន្ត្រីក្រសួងការពារជាតិមកជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ដោយសារសម្ព័ន្ធភាពប្រេះឆា ទើបក្រោយបែកធ្លាយសម្លេងសន្ទានាតាមទូរស័ព្ទរបស់លោកស្រីភែថងថាន ស៊ីណាវ៉ាត់ជាមួយសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា កាលពីថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៥ គណបក្សភូមិចៃថៃ បានដលខ្លួនពីរាជរដ្ឋាភិបាលចម្រុះ មកធ្វើជាគណបក្សប្រឆាំងាំងវិញ ។
* លោកអនុធិន ឆានវីរ៉ៈគូណ ជានរណា ?

ខាងក្រោមជាប្រវត្តិខ្លះៗរបស់លោក”កណ្តុរ” ។
លោក អនុធិន ឆានវីវៈគូណ ឈ្មោះហៅក្រៅ នូ (ប្រែថា កណ្តុរ) វ័យ៥៨ឆ្នាំ គឺជាកូនចៅចិនទៀជីវដែលមានដូនតាមកពីខេត្តក្វាងទុង នៃប្រទេសមហាយក្សចិន។
ក្រៅពីជំនួញដ៏ជោគជ័យ ក្រុមគ្រួសារលោកអនុធិនក៏ជាអ្នកនយោបាយដ៏មានឥទ្ធិពលផងដែរ ដោយឪពុករបស់លោកធ្លាប់ជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាច្រើនក្រសួង។
លោកអនុធិនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យAssumption ដែលជាសាលាឧត្តមសិក្សាអន្តរជាតិល្បីបំផុតនៅស្រុកថៃ ហើយទទួលបានសញ្ញាបត្រ​អនុបណ្ឌិតផ្នែកវិស្វកម្ម ( Engineering Industry ) ពីសាកលវិទ្យាល័យ Hofstra នៅបុរីញូវយ៉ក សរអា ។
លោកបានធ្វើការជាវិស្វករនៅក្នុងក្រុមហ៊ុនជប៉ុនមីស៊ុយប៊ីស៊ី( Mitsubishi )នៅសហរដ្ឋអាម៉េរិក។
មុនពេលចូលប្រឡូកក្នុងនយោបាយ លោកបានធ្វើការនៅក្នុងវិស័យឯកជនដែលជាធុរកិច្ចរបស់ក្រុមគ្រួសារលោកផ្ទាល់ដូចជាក្រុមហ៊ុន Sino-Thai Engineering & Construction, ក្រុមហ៊ុន Thai Solar ។ល។

បណ្តាក្រុមហ៊ុនរបស់លោកអនុធិនគឺសុទ្ធតែធំៗលំដាប់មហាជន( ក្រុមហ៊ុនយក្ស) ហើយទទួលម៉ៅការគម្រោងរបស់រដ្ឋាភិបាលថៃធំៗគ្រប់ជំនាន់ ដែលក្នុងនោះមានគម្រោងសាងសង់ព្រលានយន្តហោះសុវណ្ណភូមិ , សាងសង់បណ្តាផ្លូវល្បឿនលឿនជាច្រើនខ្សែ និងជាពិសេសរថភ្លើងក្រោមដី(MRT) ជាច្រើនខ្សែ ។ល។

នៅពេលចូលប្រឡូកនយោបាយ ដំបូងឡើយលោកបានចូលរួមជាមួយ នឹងក្រុមរបស់លោកថាក់ស៊ីន ស៊ីនណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តី ហើយប៉ុន្តែនៅឆ្នាំ២០០៦ លោកត្រូវតុលាការធម្មនុញ្ញកាត់ទោសឲ្យផ្អាកធ្វើនយោបាយរយពេល៥ឆ្នាំ។

នៅពេលចូលនយោបាយវិញក្នុងឆ្នាំ២០១២ លោកបានចូលរួម និងធ្វើជាប្រធានគណបក្សភូមិចៃថៃ (ប្រែថា មោទនភាពថៃ) ដែលបង្កើតដោយលោកណេវីន ឈីតឆប ដែលជាម្ចាស់ក្លិបបាល់ទាត់ Burirum United និងម្ចាស់ទីលានប្រណាំងរថយន្តលំដាប់ F1 នៅខេត្តបុរីរម្យ។

ភាគច្រើនគណបក្សភូមិចៃថៃតែងតែនៅខាង ភាគីរដ្ឋាភិបាលចម្រុះ ហើយលោកអនុធិន តែងតែកាន់តំណែងជារដ្ឋមន្រ្តីជាច្រើនក្រសួង ហើយអ្វីដែលគួរឲ្យកត់សម្គាល់បំផុតគឺរដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងសម័យកូវីដ១៩ ហើយចុងក្រោយបំផុតគឺជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ មានលោកស្រេងថា ថាវីស៊ីន ជានាយករដ្ឋមន្ត្រីនិងលោកស្រីភែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី ។

*ផ្ការីកគ្រប់រដូវ , ថៅកែកណ្តុរឬសៀនូ :

កាលពីបោះឆ្នោតឆ្នាំ២០២៣ គណបក្សភូមិចៃថៃ បានប្រើ” យុទ្ធសាស្រ្តប្រើប្រាស់កញ្ឆាសេរី ” ជាយុទ្ធនាការឃោសនាបោះឆ្នោត ហើយទទួលបាន​៧០អាសនៈ ដែលស្ថិតនៅលំដាប់ទី៣ បន្ទាប់ពីគណបក្សឆ្ពោះទៅមុខ(Move Forward) របស់យុវជនឆ្នើមនិងមានប្រជាប្រិយសាច់ឈាមខ្មែរពូជលោកម្ចាស់កថាថន ឈុំនៃខេត្តបាត់ដំបង គឺលោកភីតា ចារើនរ៉ាត់ និងគណបក្សភឿថៃ។
ហើយបានចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ។
ក្រោយព្រឹត្តិការណ៍បែកធ្លាយសម្លេងសន្ទនាតាមទូរស័ព្ទរវាងលោកស្រីផែថងថាន ស៊ីនណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តី ជាមួយសម្តេចតេជោ ហ៊ុន សែន លោកអនុធិន បានដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ មកធ្វើជាបក្សប្រឆាំងវិញ។

ប្រភពព័ត៌មានបានអោយដឹងថា: ប៉ុន្តែនាពេលនេះ ខ្យល់បានប្តូរទិស នាថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២៥ លោកអនុធិន ត្រូវបានបោះឆ្នោតឲ្យឡើងធ្វើជានាយករដ្ឋមន្រ្តីទី៣២របស់រដ្ឋាភិបាលសម្លេងភាគតិចរបស់ថៃ។

ក្នុងជីវិតឯកជន លោកអនុធិន ធ្លាប់រៀបការដល់ទៅចំនួន៣ដង ហើយមានកូនពីរនាក់។
បច្ចុប្បន្នភរិយារបស់លោក គឺជាស្រីស្អាតវ័យ៣៨ឆ្នាំ ដែលទើបតែរៀបការកាលពីឆ្នាំ២០២២ ជាម្ចាស់ហាងកាហ្វេល្បីឈ្មោះមួយនៅថៃ ឈ្មោះចាចា សុផាណាន់។
ចំពោះចំណូលចិត្តផ្ទាល់ខ្លួនរបស់អនុធិន លោកចូលចិត្តខ្លាំងខាងការបើកយន្តហោះដូចជាធ្លាប់បានបើកយន្តហោះផ្ទាល់ខ្លួនដឹកជញ្ជូនសរីរៈមនុស្សក្នុងប្រយោជន៍វិស័យវេជ្ជសាស្រ្តឲ្យដល់កាកបាទក្រហម។

ក្រៅពីនោះ លោកគឺជាអ្នកចូលចិត្តសន្សំវត្ថុបុរាណពិសេសពុទ្ធបដិមាហើយក៏ដូចជាផ្នែកតន្រ្តី និងកីឡា។

បើនិយាយទ្រព្យសម្បត្តិលោកអនុធិន លោកគឺជាមហាសេដ្ឋី ដោយភាគច្រើនគេហៅលោកថា “សៀនូឬមានន័យថាថៅកែកណ្តុរ” ។

ប្រភពមួយផ្សេងទៀត អង្គភាពប្រឆាំងអំពើពុករលួយថៃបានរាយការណ៍អំពីទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួនជាង៤ពាន់លានបាត ហើយលោកមានយន្តហោះផ្ទាល់ខ្លួនចំនួន៤គ្រឿង ព្រមទាំងជាអ្នកនិយមប្រើប្រាស់រថយន្តរ៉ុល រ៉យ ( Roll Royce) របស់ចក្រភពអង់គ្លេស ៕

Leave a Reply

Your email address will not be published. Required fields are marked *