ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ពិធីកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ នៅ របស់សមណសិស្សមកពីខេត្តបន្ទាយមានជ័យ សៀមរាបនិងបាត់ដំបងបានធ្វើនៅមណ្ឌលប្រឡង ស្ថិតនៅក្នុងពុទ្ធិកវិទ្យាល័យ សម្ដេច ជា ស៊ីម នាសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ។
ដោយក្នុងនោះមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងការនិមន្តជាធិបតីភាពជាមួយព្រះមេគណខេត្តបន្ទាយមានជ័យ ទាំង២គណ: ព្រះមេគណខេត្តស្ដីទីខេត្តបាត់ដំបង និងព្រះមេគណខេត្តសៀមរាប។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា : ការរៀបចំការប្រឡងនាថ្ងៃនេះ មានបេក្ខសមណៈសិស្សសរុបចំនួន ១៦៥អង្គ/នាក់ ។
ក្នុងនោះនិមន្តមកពីពុទ្ធិក:វិទ្យាល័យរាជបូព៌ខេត្តសៀមរាបចំនួន ៤១អង្គ/អ្នក និមន្ត មមកពីពុទ្ធិកវិទ្យាល័យ អុឹង ធួង ខេត្តបាត់ដំបង ចំនួន៩៣អង្គនាក់ នឹងពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមខេត្តបន្ទាយមានជ័យចំនួន៣១អង្គ/នាក់ នឹងត្រូវបែងចែកជា ៧បន្ទប់។
លោក បៀវ ថានបានបន្តថា ចំពោះវិញ្ញាសាប្រឡងថ្ងៃនេះមានចំនួន ៤មុខវិជ្ជា រួមមានវិញ្ញាសាភាសាបាលី ភាសាខ្មែរ វិញ្ញាសាតាមព្រះវិន័យព្រះអភិធមនិងគណិតវិទ្យា។
នាឱកាសនោះលោកអ៊ុំ រាត្រី បានមានប្រសាសន៍ថា : ក្នុងនាមក្រុមប្រឹក្សាខេត្តរដ្ឋបាលខេត្តនិងក្នុងនាមលោកផ្ទាល់ បានមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីកាត់វិញ្ញាសានៃការប្រឡងជ្រើសរើស សមណសិស្សចូលរៀនពុទ្ធិកវិទ្យាល័យ ដែលរៀបចំឡើងស្របតាមសារាចរណែនាំរបស់ក្រសួងធម្មការនិងសាសនានិងស្របតាមច្បាប់អប់រំមាត្រា ២៦ ដែលបានចែងថា ដើម្បីធានាបាននូវគុណភាពអប់រំ និងប្រសិទ្ធភាពអប់រំប្រកបដោយភាពត្រឹមត្រូវតម្លាភាពនិងយុត្តិធម៌ ការប្រឡង។
សម្រាប់ពិធី កាត់ វិញ្ញាសារនេះ គឺជាជំហានសំខាន់មួយក្នុងដំណើរការរៀបចំការប្រឡងដើម្បីធានាថាការប្រឡងប្រព្រឹត្តទៅដោយភាពសុចរិតតម្លាភាពយុត្តិធម៌សម្រាប់សមណសិស្សទាំងអស់ដែលបាននិមន្តមកចូលរួមប្រឡងក្នុងឱកាសនេះ។
បើតាមលោកអភិបាលខេត្តថា សម្រាប់សិស្សទាំងអស់បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់នូវការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពុទ្ធិកសិក្សាដែលជាមូលដ្ឋានសំខាន់ក្នុងការបណ្តុះបណ្តាល សាសនា មានទាំងចំណេះដឹងសីលធម៌គុណធម៌ដើម្បីបន្តថែរក្សាលើកស្ទួយព្រះពុទ្ធសាសនាជាសាសនារបស់ជាតិ។
ពុទ្ធិកសិក្សាគឺជាវិស័យមួយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានសាធារណៈឲ្យមានសមត្ថភាពទាំងផ្នែកធម៌និងវិទ្យាសាស្ត្រ៕

