កំពង់ធំ៖ រថយន្តខ្នាតយក្សចំនួន ៣គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់ចាប់កាលពីវេលាម៉ោង១១យប់ថ្ងៃទី៣១ សីហា ឈានចូលថ្ងៃទី១ កញ្ញា ២០២៥ នៅលើផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយត្រូវសង្ស័យថា ជារថយន្តដឹកអង្កដំណើបនាំចូលពីប្រទេសថៃ តាមច្រកកំពង់ស្រឡៅ។
ប្រភពមិនផ្លូវការបានបញ្ជាក់ថា រថយន្តទាំងនេះត្រូវបានឃាត់ចាប់ បន្ទាប់ពីធ្វើដំណើរចេញពីច្រកកំពង់ស្រឡៅ តាមផ្លូវជាតិលេខ៦២ មកដល់ខេត្តកំពង់ធំ។ ក្រោយពេលឃាត់ ចាប់បាន មានមន្ត្រីគយម្នាក់ត្រូវបានគេអះអាងថា បានចូលរួមអន្តរាគមន៍ ហើយអោយសារថា “អាចដោះលែងវិញបាន យកត្រឹមបាយទឹកគ្រប់គ្រាន់”។
ទោះជាយ៉ាងណា ដោយសារទំនិញសៀមកំពុងត្រូវបានទប់ស្កាត់ការនាំចូល សមត្ថកិច្ចបានអូសរថយន្តទាំង៣គ្រឿង នាំមកទុកនៅស្នងការដ្ឋាននគរបាលខេត្ត។
ប្រភពដដែលបានបន្ថែមថា រថយន្តទាំងនេះមានអនុញ្ញាតឲ្យដឹកទំនិញត្រឹមតែប្រមាណ ៦០០ គីឡូក្រាម ប៉ុន្តែជាក់ស្តែង ត្រូវបានគេរកឃើញថាដឹកអង្ករលើសដល់ប្រមាណ ២៨ តោន ក្នុងមួយឡាន។
រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ កញ្ញា ២០២៥ នេះ នៅមិនទាន់មានការបញ្ជាក់ផ្លូវការពីសំណាក់អាជ្ញាធរច្បាប់ ឬមន្ត្រីពាក់ព័ន្ធអំពីនីតិវិធីច្បាស់លាស់ទេ។
ជាមួយគ្នានេះ មហាជនមួយចំនួនបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ចំពោះមន្ត្រីច្រកកំពង់ស្រឡៅ ដែលជាញឹកញាប់ត្រូវបានគេសង្ស័យថា មានពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យនាំចូលទំនិញពីសៀម ទោះបីជាបច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានស្ថានការណ៍តានតឹងជាមួយប្រទេសនោះក៏ដោយ។
