បង្ហោះសារលើហ្វេសប៊ុកថា ចូលទាហានមិនហ៊ានបាញ់ …សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់នៅក្រុងសិរីសោភ័ណចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព….

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦  លោក ហម សាវង្ស ជាប្រជាពលរដ្ឋរស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួននិងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត។
ហើយត្រូវបានធ្វើការចោទប្រកាន់ចំនួនពីរបទគឺ ១-បទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមបញ្ញតិ្តនៃមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបទ“ ។២- ធ្វើឱ្យខូចទឹកចិត្តកងទ័ព” តាមមាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ។
ឬអាចប្រឈមជាប់ពន្ធនាគារពី២ឆ្នាំទៅ ៥ឆ្នាំ ប្រសិនបើតុលាការរកឃើញថា មានទោស។

បុរសនោះមានឈ្មោះហម សាវង្ស ក្រោយបញ្ចប់នីតិវិធីសាកសួរនៅអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏ត្រូវសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត។
អ្នកបានជ្រើសយក
ការចាប់ខ្លួននេះក្រោយពេលបុរសនេះបានបង្ហោះសារភ្ជាប់ជាមួយនិងរូបថតកាលពីថ្ងៃទី១៨ កុម្ភៈឆ្នាំ២០២៦ ថា :  “ មិត្តភក្ដិខ្ញុំ សួរថា ឯងហ៊ានចូលធ្វើទាហានអត់? ខ្ញុំឆ្លើយថា បើចូលទៅបាញ់សៀម ខ្ញុំហ៊ាន  តែបើចូលទៅមើលសៀមឈ្លានពាន ខ្ញុំមិនចូលទេ ”  ។
លោកបានបញ្ចេញមតិបន្ថែមលើការបង្ហោះទៀតថា:  “បើចូលធ្វើទាហានហើយមិនហ៊ានបាញ់តើចូលទៅបង្ហិនលុយជាតិធ្វើអី…”

ក្រោយមកនៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៦  លោក ហម សាវង្ស ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួននៅចំណុចស្ពានសែសិន ភូមិក្បាលស្ពានសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខណៈលោក កំពុងបើកម៉ូតូកងបីឥណ្ឌា ស្រាប់តែមានឡានកងរាជអាវុធហត្ថ២គ្រឿង បានចាប់ខ្លួនគាត់នាំទៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។
ករណីនេះសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) បាននឹងកំពុងបន្តឃ្លាំមើលដោយយកចិត្តទុកដាក់ផងដែរ។

ទាក់ទិនករណីនេះ លោកឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ បានសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា : “កន្លងមកខ្ញុំមិនចង់ឆ្លើយតបអីទេ ថ្ងៃនេះខ្ញុំឃើញមានការបង្ហោះដៀមដាមដល់កងទ័ព ( បើចូលធ្វើទាហានហើយមិនហ៊ានបាញ់… តើចូលទៅបង្ហិនលុយជាតិធ្វើអី…) ” ។
” លោកនិយាយមានន័យថាម៉េច ជាការបំបែកបំបាក់ទឹកចិត្តកងទ័ពឬយ៉ាងណា? លោកមើលមុខខ្ញុំឲ្យច្បាស់ មើលមុខកងទ័ពដែលកំពុងឈរជើងលើសមរភូមិឲ្យច្បាស់ មកដល់ម៉ោងនេះបើកងទ័ពចេះខ្លាចដូចលោកនិយាយនោះ តើព្រំដែនទៅដល់ណាហើយ? ” ។

” សិទ្ធិលោកបញ្ចេញមតិតែធ្វើយ៉ាងណាកុំឲ្យប៉ះសិទ្ធិអ្នកដទៃ ពិសេសប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋទូទាំងប្រទេស ដែលពួកគាត់កំពុងតែជឿជាក់លើកងទ័ព។ ខ្ញុំសង្ឃឹមថាលោកយល់ហើយមិនរំខានអារម្មណ៍កងទ័ពទៀត”  ៕

Leave a Reply

Your email address will not be published. Required fields are marked *