​អភិបាលស្រុកស្ទោង ណែនាំឱ្យអាជ្ញាធរឃុំយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពជនពិការ និងជនងាយរងគ្រោះ

​(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានដាក់បទបញ្ជា និងណែនាំដល់អាជ្ញាធរឃុំទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានដិតដល់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជនមានពិការភាព និងក្រុមគ្រួសារដែលងាយរងហានិភ័យនៅក្នុងមូលដ្ឋាន។
​ការណែនាំនេះបានធ្វើឡើងក្នុងឱកាសដែលលោកអភិបាលស្រុក អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ចែកជូនដល់ពលរដ្ឋមានពិការភាព និងងាយរងហានិភ័យ ក្នុងឃុំម្សាក្រង កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
​ក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ថោ ជេដ្ឋា និងសហការី ដែលជានិច្ចកាលតែងតែឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់រដ្ឋបាលស្រុក ដើម្បីបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដូចជា៖
​គ្រួសារវីរកងទ័ព និងជនភៀសសឹក។
​ជនមានពិការភាព។
​ប្រជាពលរដ្ឋដែលជួបការលំបាក និងងាយរងគ្រោះបំផុត។

​ក្រៅពីការចែកអំណោយ លោក សាយ គឹមឡម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នូវចំណុចសំខាន់ៗមួយចំនួន៖
១. ការរស់នៅស្អាត៖ ត្រូវអនុវត្តតាមគោលការណ៍អនាម័យ «៣ល្អ» និងថែរក្សាសុខភាពឱ្យបានខ្ជាប់ខ្ជួន។
២. សុខភាពរាងកាយ៖ ត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាប្រចាំ។
៣. ការការពារធនធានធម្មជាតិ៖ ត្រូវចូលរួមអភិរក្សធនធានមច្ឆជាតិ និងចៀសវាងការនេសាទខុសច្បាប់គ្រប់រូបភាព ដើម្បីចៀសផុតពីទោសទណ្ឌតាមផ្លូវច្បាប់ និងធានានូវនិរន្តរភាពអាហារសម្រាប់កូនចៅជំនាន់ក្រោយ។
​សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលបានអំណោយក្នុងឱកាសនេះមានចំនួន ២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖
​អង្ករ ១បេ ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនមុខ។
​សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់មួយចំនួន។
​ដោយឡែក កុមារៗនៅក្នុងឃុំ ក៏ទទួលបាននូវការចែកជូនសម្លៀកបំពាក់ និងនំចំណីផងដែរ។ដោយអ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *