(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញប្រគល់ផ្ទះថ្មីមួយខ្នង (ខ្នងទី៦៩) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គ្រួសារអតីតយុទ្ធជនសោធននិវត្តន៍ដែលមានជីវភាពខ្វះខាត ស្ថិតក្នុងភូមិប្រាសាទ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត, លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ព្រមទាំងអាជ្ញាធរដែនដី និងសហការីជាច្រើនរូបទៀត។
យោងតាមរបាយការណ៍របស់ លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ លេខាធិការដ្ឋានសមាគមអតីតយុទ្ធជនខេត្ត បានឱ្យដឹងថា៖
ម្ចាស់ផ្ទះ៖ លោក ស៊ុក សាញ់ អាយុ ៦៦ឆ្នាំ (អតីតព្រិន្ទបាលទោ នគរបាលស្រុកកំពង់ស្វាយ ចូលនិវត្តន៍ឆ្នាំ២០១៦)។
ស្ថានភាពគ្រួសារ៖ មានសមាជិកក្នុងបន្ទុកសរុប ៨នាក់ (ភរិយា កូន និងចៅ)។
ស្ថានភាពរស់នៅមុនទទួលបានផ្ទះ៖ ស្នាក់នៅក្នុងផ្ទះតូចចង្អៀត ទ្រុឌទ្រោម និងមិនមានដីធ្លីសមរម្យសម្រាប់សាងសង់ជម្រក។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះដែលប្រគល់ជូននាពេលនេះមានលក្ខណៈស្តង់ដាររឹងមាំ រួមមាន៖
ទំហំ៖ ៥ម៉ែត្រ x ៧ម៉ែត្រ (មានតសំយ៉ាបផ្ទះបាយ ៣ម៉ែត្របន្ថែម)។
រចនាសម្ព័ន្ធ៖ សសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត និងក្រាលក្តារ។
គ្រឿងបំពាក់៖ មានបង្គន់អនាម័យត្រឹមត្រូវតាមលក្ខណៈរស់នៅស្អាត។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកអំណោយបន្ថែមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត រួមមាន៖ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ (មុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង) ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។
“គិតមកដល់ពេលនេះ នៅក្នុងស្រុកកំពង់ស្វាយ យើងបានសាងសង់ផ្ទះជូនអតីតយុទ្ធជនបានចំនួន ៦៩ខ្នងរួចមកហើយ និងកំពុងបន្តសាងសង់ជាហូរហែ ដែលនេះជាការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចតេជោ និងសម្តេចធិបតី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម”។ នេះជាការបញ្ជាក់បន្ថែមរបស់លោកមេបញ្ជាការ។
ជាទីបញ្ចប់ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ តំណាងឱ្យគ្រួសារអតីតយុទ្ធជន បានសម្តែងនូវកតញ្ញូតាធម៌ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ៕ដោយ អ៊ួង សុផាត

