(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានចុះពង្រឹងភារកិច្ច និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលចំនួន ៦គោលដៅ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងស្រុកសន្ទុក។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅតំបន់ព្រៃសហគមន៍ជាំស្មាច់ ជាប់ព្រំប្រទល់ស្រុកសន្ទុក និងស្រុកសណ្ដាន់ ដើម្បីជំរុញការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ក្នុងការការពារធនធានធម្មជាតិឱ្យទទួលបានជោគជ័យ។
វិធានការណ៍ម៉ឺងម៉ាត់៖ បង្ក្រាបឱ្យខានតែបាន និងមិនត្រូវមានការគប់គិត
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កងកម្លាំងទាំងអស់ត្រូវតែ៖
ម្ចាស់ការលើស្មារតីទទួលខុសត្រូវខ្ពស់៖ បន្តសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋ និងការដឹកជញ្ជូនឈើខុសច្បាប់។
កងកម្លាំងរូបណាដែលធ្វេសប្រហែស ឬមានការគប់គិតបើកដៃឱ្យមានបទល្មើសកើតឡើង នឹងត្រូវទទួលវិន័យកងទ័ពយ៉ាងធ្ងន់ធ្ងរ រហូតដល់លុបឈ្មោះចេញពីបញ្ជីកងយោធពលខេមរភូមិន្ទ ឬបញ្ជូនទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការយោគយល់។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមមាន៖
ប្រេងឥន្ធនៈ និងស្បៀងអាហារ
គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈផ្សេងៗ
ការឧបត្ថម្ភនេះ គឺដើម្បីគាំទ្រដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមគោលដៅទាំង ៦ ឱ្យបន្តសកម្មភាពបង្ក្រាបបទល្មើស “ដូចភ្លៀងរលឹម” និងគ្មានការដកថយឡើយ ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃធនធានធម្មជាតិក្នុងខេត្តកំពង់ធំ៕ដោយ អ៊ួង សុផាត

