​ឯកឧត្ដម ប៉ែន ផល្លីកា ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្របឹងទន្លេសាប ព្រំប្រទល់ខេត្តចំនួន៣

​[កំពង់ឆ្នាំង-ពោធិ៍សាត់-កំពង់ធំ]៖ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានដឹកនាំក្រុមការងារជំនាញ និងកម្លាំងចម្រុះ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅភូមិសាស្ត្រកដប ក្នុងតំបន់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ។
​ប្រតិបត្តិការនេះមានការអមដំណើរដោយលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងពោធិ៍សាត់ ព្រមទាំងមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ៖
​តំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់
​កងរាជអាវុធហត្ថខេត្ត និងស្រុកក្រគរ
​កម្លាំងអន្តរាគមន៍យោធាបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប
​គោលបំណងសំខាន់នៃបេសកកម្មនេះ គឺដើម្បីពិនិត្យស្ថានភាពនេសាទក្នុងរដូវខ្នើតទី៣ និងបើកច្រកចរាចរណ៍ត្រីចុះឱ្យបានទាន់ពេលវេលា។

​ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំដល់ម្ចាស់របាំងលបណ ឬរ៉ាវ ឱ្យរុះរើដោយស្ម័គ្រចិត្តដើម្បីបើកផ្លូវត្រី ទោះបីជាឧបករណ៍ទាំងនោះស្របច្បាប់ក៏ដោយ។ ជាលទ្ធផល ក្រុមការងារសម្រេចបាន៖
​ការអប់រំ៖ ណែនាំឱ្យប្រជានេសាទរុះរើដោយខ្លួនឯងបានចំនួន ៩ គ្រួសារ។
​ការបង្ក្រាប៖ បង្ក្រាបបាន ២ ករណី ដោយរឹបអូស និងបំផ្លាញចោលនូវ៖
​សាច់អួនក្រឡាញឹក ៩ របាំង (២,៦០០ ម៉ែត្រ)
​លូកងសាច់អួន ១៣ គ្រឿង និងលូកងស្បៃមុង ២ គ្រឿង
​បង្គោល ២៨០ ដើម
​ការសង្គ្រោះ៖ ចាក់លែងត្រីចម្រុះប្រមាណ ១២៥ គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។

​ឯកឧត្តម ប៉ែន ផល្លីកា បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីជំនាញ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម។ ឯកឧត្តមបានកត់សម្គាល់ដោយក្តីសោមនស្សថា ឧបករណ៍នេសាទខុសច្បាប់មានការថយចុះគួរឱ្យកត់សម្គាល់ ហើយប្រជានេសាទកាន់តែមានការយល់ដឹងខ្ពស់ចំពោះច្បាប់ជលផល៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *