ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងបង្កើត «មជ្ឈមណ្ឌលថែទាំចាស់ជរា» ក្នុងស្រុកកំពង់ត្រឡាច

​[កំពង់ឆ្នាំង]៖ នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំគម្រោងបង្កើត «មជ្ឈមណ្ឌលថែទាំចាស់ជរា» ដែលមានទីតាំងស្ថិតក្នុងភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
​កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី៖
​ឯកឧត្តម ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច។
​អាជ្ញាធរមូលដ្ឋាន ក្រុមការងាររដ្ឋបាលឃុំអូរឫស្សី និងមេភូមិជុំវិញឃុំ។

​ការរៀបចំកិច្ចប្រជុំនេះឡើង គឺដើម្បីពិភាក្សាលើផែនការលម្អិតនៃគម្រោង ព្រមទាំងប្រមូលមតិយោបល់ និងការឯកភាពពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីធានាឱ្យដំណើរការកសាងមជ្ឈមណ្ឌលនេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។

​គម្រោងបង្កើតមជ្ឈមណ្ឌលថែទាំចាស់ជរានេះ គឺជាការផ្ដួចផ្ដើមឡើងដោយ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និង លោកជំទាវ យី សុភា ព្រមទាំងក្រុមការងារ ក្នុងគោលដៅមនុស្សធម៌យ៉ាងជ្រាលជ្រៅ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ចាស់ជរា រួមមាន៖
​លោកតា លោកយាយ ដែលត្រូវបានកូនចៅបោះបង់ ឬរស់នៅដាច់ដោយឡែកដោយសារការចំណាកស្រុក។
​មនុស្សចាស់ដែលរស់ក្នុងស្ថានភាពខ្វះខាតខ្លាំង (ខ្វះស្បៀងអាហារ សម្លៀកបំពាក់ និងការស្នាក់នៅ)។
​មនុស្សចាស់ដែលខ្វះការថែទាំសុខភាពពីសាច់ញាតិ ឬមានជំងឺរ៉ាំរ៉ៃ និងពិការភាព។
​តាមរយៈគម្រោងនេះ ឯកឧត្តមបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា នឹងអាចផ្ដល់នូវជម្រកដ៏កក់ក្ដៅ ការថែទាំសុខភាព និងការហូបចុកសមរម្យ ជូនដល់ចាស់ជរាដែលងាយរងគ្រោះក្នុងមូលដ្ឋាន ឱ្យទទួលបាននូវសេចក្ដីសុខក្នុងវ័យជរា៕ដោយអ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *