(កំពង់ឆ្នាំង)៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីលួចកាត់ខ្សែភ្លើងរបស់អ្នកភូមិ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១០:០៥នាទីព្រឹក សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ សឿង ស្រីមុំ ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ។
តាមការរៀបរាប់របស់ជនរងគ្រោះ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមករា រូបគាត់បានងើបដើរហាត់ប្រាណ ក៏ស្រាប់តែឃើញផ្ទះរបស់ខ្លួនដាច់ចរន្តអគ្គិសនី ខណៈផ្ទះអ្នកជិតខាងមានភ្លើងធម្មតា។ ដោយមានការសង្ស័យ គាត់ក៏ដើរទៅពិនិត្យមើលបង្គោលភ្លើង ស្រាប់តែឃើញមានស្នាមកាត់ផ្ដាច់ខ្សែភ្លើងចេញពីបង្គោលអស់ប្រវែងប្រហែល ៣០ម៉ែត្រ ទើបសម្រេចចិត្តប្ដឹងសមត្ថកិច្ចតែម្ដង។
ក្រោយទទួលបណ្ដឹងភ្លាម កម្លាំងជំនាញបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមាន៖
១. ឈ្មោះ វ៉ាន វ៉េន ភេទប្រុស អាយុ ២៦ឆ្នាំ
២. ឈ្មោះ ស្រេង ថារ៉ាក់ ភេទប្រុស អាយុ ២០ឆ្នាំ
៣. ឈ្មោះ យ៉ែម មករា ភេទប្រុស អាយុ ២៣ឆ្នាំ
(អ្នកទាំង ៣នាក់ មានទីលំនៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង)។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
ម៉ូតូ ០១គ្រឿង និងស្លាកលេខ ០១សន្លឹក
ខ្សែភ្លើង ០១ខ្សែ
កាំបិតផ្គាក់ ០២ដើម ព្រមទាំងកូនសោ និងដែកដង្គាប់មួយចំនួន
ទូរស័ព្ទដៃម៉ាក Oppo ០១គ្រឿង
ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា និងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ អ៊ួង សុផាត
