ដោយ : ភ្នំធំ / ភ្នំពេញ :ភ្នាក់ងារព័ត៌មាន Al Jazeera បានទម្លាយឱ្យដឹងចំៗថា “ប្រាសាទខ្មែរបុរាណនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានរងការខូចខាតដោយសារការប្រយុទ្ធគ្នាជុំវិញជម្លោះទាមទារអធិបតេយ្យភាពដែនដីដ៏រ៉ាំរ៉ៃ នៅក្នុងតំបន់ដែលមានវត្តមានយោធាយ៉ាងច្រើន និងភាគច្រើនត្រូវបានហាមឃាត់មិនឱ្យចូល” ។
លោក Tony Cheng អ្នកយកព័ត៌មានរបស់ភ្នាក់ងារ Al Jazeera ដែលស្ថិតក្នុងចំណោមអ្នកសារព័ត៌មានដែលកងទ័ពថៃនាំទៅកាន់តំបន់នោះ បានធ្វើសេចក្ដីរាយការណ៍ថា “ប្រាសាទបុរាណខ្មែរដ៏ស្រស់ស្អាត ត្រូវបានបំផ្លិចបំផ្លាញ និងរងការខូចខាត ដែលតំបន់ខ្លះ យោធាថៃបានហាមឃាត់មិនឱ្យចូលទៅជិតឡើយ” ។
សំណួរត្រូវបានចោទឡើងថា តើភាគីថៃនឹងបកស្រាយប្រាប់ពិភពលោកបែបណា? ខណៈដែលសារព័ត៌មានយក្សមួយនេះបានបញ្ជាក់យ៉ាងច្បាស់ថា “ប្រាសាទដែលខ្លួនកំពុងចូលកាន់កាប់នេះ គឺជាប្រាសាទរបស់ខ្មែរ” ។
ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏បានចេញសេចក្ដីតវ៉ាជាថ្មីម្ដងទៀត ប្រឆាំងនឹងសកម្មភាពរបស់យោធាថៃលើ ប្រាសាទតាក្របី និងប្រាសាទមួយចំនួនទៀត ដោយស្នើឱ្យបញ្ឈប់រាល់សកម្មភាពបំផ្លិចបំផ្លាញ និងគម្រោងនានាជុំវិញប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
ជាមួយគ្នានេះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានបង្ហាញជំហរតស៊ូមតិយ៉ាងម៉ឺងម៉ាត់ លើការចូលកាន់កាប់តំបន់មួយចំនួនដែលជាអធិបតេយ្យភាពរបស់កម្ពុជាពីសំណាក់ភាគីថៃ។
ងាកទៅមើលខាងភាគីថៃវិញ បែរជាបង្ហាញ.ភាពអាត្មានិយម ដោយនៅតែប្រកាន់ជំហរថា ប្រាសាទទាំងនេះជារបស់ខ្លួន ដែលផ្ទុយស្រឡះពីការផ្សាយ និងសេចក្ដីរាយការណ៍របស់សារព័ត៌មានអន្តរជាតិធំៗដូចជា Al Jazeera ជាដើម។
សកម្មភាពនេះបានកើតឡើង ទោះបីជាកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនចម្រុះ (JBC) មិនទាន់មានការសម្រេចលើការកំណត់ព្រំដែនឱ្យបានច្បាស់លាស់ក្នុងតំបន់នេះនៅឡើយក៏ដោយ ៕

