រដ្ឋបាលខេត្តកំពង់ធំ បើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ ដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន ៥

​(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក។
​ក្នុងឱកាសនោះ ឯកឧត្តម ដៀប ពីរី បានបញ្ជាក់ថា អង្គសន្និបាតនេះគឺជាឱកាសដ៏សំខាន់ក្នុងការវាយតម្លៃ និងឆ្លុះបញ្ចាំងពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន ក៏ដូចជាការពិនិត្យលើបញ្ហាប្រឈមនានា ដើម្បីកំណត់ទិសដៅអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
​ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ឯកឧត្តមបានកោតសរសើរដល់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្ម ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ការរៀបចំសន្និបាតនាពេលនេះ ក៏ដើម្បីប្រមូលធាតុចូល និងបទពិសោធន៍ជាក់ស្តែងសម្រាប់កំណត់ទិសដៅការងារបន្ត។
​ជាមួយគ្នានេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា អង្គសន្និបាតនឹងបែងចែកក្រុមពិភាក្សាលើប្រធានបទអាទិភាពចំនួន ៥ រួមមាន៖
១. វិស័យកសិកម្ម
២. វិស័យទេសចរណ៍
៣. ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
៤. ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (បង្កើតការងារ និងបង្កើនចំណូលពលរដ្ឋ)
៥. ការពង្រឹងអភិបាលកិច្ចអង្គភាព
​ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យសមាជិកអង្គសន្និបាតទាំងអស់ ចូលរួមពិភាក្សាឱ្យបានផុលផុស ទាំងលើចំណុចខ្លាំង បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីជាគ្រឹះក្នុងការអនុវត្តការងារឆ្នាំ២០២៦ ឱ្យកាន់តែរឹងមាំ។
​សូមបញ្ជាក់ថា សន្និបាតនេះនឹងបន្តរហូតដល់ព្រឹកថ្ងៃទី២៣ ខែមករា ដែលនឹងមានពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *