ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-បន្ទាយមានជ័យ :នៅរសៀលថ្ងៃទី២៩ ខែសីហា ក្រុមអ្នកសារព័ត៌មានបរទេស មកពីអាស៊ាន ចិន.. ចំនួន៣៤រូបចុះយកព័ត៌មានដោយផ្ទាល់ទីតាំង ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះពលរដ្ឋខ្មែរ បន្ទាប់ពីបទឈប់បាញ់ចូលជាផ្លូវការ។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន អោយដឹងថា: ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ស្ថិតក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី លើទឹកដីខេត្តបន្ទាយមានជ័យ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី បានធ្វើបទបង្ហាញដល់អ្នកសារព័ត៌មានបរទេស និងកម្ពុជា ពីសកម្មភាពបំពានរបស់កងទ័ពថៃ ដោយបានបណ្តេញប្រជាពលរដ្ឋខ្មែរ ចេញពីលំនៅឋានទាំងគឃ្លើន មិនគោរពច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ ជាពិសេសកងទ័ពថៃ បានរំលោភបំពានយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពទាំងពីរ។
ជាពិសេសសកម្មភាពបំពានរបស់កងទ័ពថៃ កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថ្មីៗនេះ បានបន្តរាយបន្លាលួសព័ទ្ធយកដីចម្ការអំពៅរបស់ប្រជាពលរដ្ឋខ្មែរ នៅភូមិជោគជ័យ ឃុំអីរបីជាន់ ។
ប៉ុន្តែសកម្មភាពបំពានមកលើដែនអធិបតេយ្យភាពកម្ពុជា មិនបានសម្រេចនោះទេ ពោលគឺដោយសារប្រជាពលរដ្ឋជាម្ចាស់ដីនិងបងប្អូនប្រជាពលរដ្ឋខ្មែរ បានសហការគ្នាបណ្តេញកងទ័ពថៃ ឱ្យដកថយទៅវិញ ។
ពោលគឺមិនមានការប៉ះទង្គិចគ្នាដល់កងកម្លាំងឬផ្ទុះអាវុធនោះឡើយ ៕

