រដ្ឋមន្ត្រីក្រសួងអប់រំទៅពិនិត្យស្ថានភាពទូទៅនៅមណ្ឌលប្រលងនៅខេត្តនា នា, កាត់វីញ្ញាសានៅបន្ទាយមានជ័យ

ដោយ ៖ភ្នំធំ/ បន្ទាយមានជ័យ :នាព្រឹកថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងអញ្ជើញកាត់ប្រធានវិញ្ញាសា និងពិនិត្យស្ថានភាពទូទៅ នៅមណ្ឌលប្រឡងក្នុងខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ ព្រះវិហារ ។
ក្នុងនោះក៏មាននៅវិទ្យាល័យសិរីសោភ័ណ ខេត្តបន្ទាយមានជ័យផងដែរ ។មានការទទួលពីលោកអ៊ុំ.រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីអាជ្ញាធរ សមត្ថកិច្ច ។

គឺនៅព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ។

ការចុះពិនិត្យដោយផ្ទាល់នេះ គឺដើម្បីបានឃើញច្បាស់ពីស្ថានភាពជាក់ស្តែងនៅតាមមណ្ឌលប្រឡង ការអនុវត្តគោលការណ៍ និងបទប្បញ្ញត្ដិនៃការប្រឡងនានា ត្រូវអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួង ហើយក៏ជាឱកាសជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមការងារប្រចាំការនៅមណ្ឌលប្រឡង មុនដំណើរការសំណេរចាប់ផ្តើម។

ាឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលកិច្ចសហការប្រកបដោយការយកចិត្តទុកដាក់ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយគាំទ្រដល់ដំណើរការប្រឡងជារៀងរាល់ឆ្នាំ ជាពិសេសសម្រាប់ឆ្នាំ២០២៥នេះ ជាករណីពិសេសដែលកម្ពុជាកំពុងមានវិបត្តជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយសូមយកឱកាសនេះដែរ អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី ដើម្បីឧត្តមប្រយោជន៍របស់ជាតិយើង។

បើទោះស្ថានភាពនៅតាមព្រំដែននៅមិនត្រឡប់មកប្រក្រតីភាពក្តី តែបេក្ខជនប្រឡងទាំងអស់ រក្សាបាននូវស្មារតីនឹងនរ ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ខណៈគណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់។

សូុមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ឆ្នាំ ២០២៥នេះ ខេត្តបន្ទាយមានជ័យ មាន ៨មណ្ឌលប្រឡង និងមានបេក្ខជនចុះឈ្មោះក្នុងបញ្ជីប្រឡងសរុប៖ ៦.៥៥២ នាក់ / ស្រី ៣.៧២៥នាក់។ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រសរុប ១.៨២៥នាក់ / ស្រី ១.១០៧នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤.៧២៧នាក់/ស្រី២.៦១៨នាក់។
មុខវិជ្ជាដែលត្រូវប្រឡង នាព្រឹកនេះ សម្រាប់ថ្នាក់ វិទ្យាសាស្ត្រសង្គម នៅម៉ោង ៧កន្លះ ដល់ម៉ោង ៩ គឺ គណិតវិទ្យា(៩០នាទី) និងនៅម៉ោង ៩កន្លះ ដល់ម៉ោង ១១ គឺ សីលធម៌ ពលរដ្ឋវិជ្ជា(៩០នាទី)។
សម្រាប់ថ្នាក់វិទ្យាសាស្ត្រ វិញ្ញាសាត្រូវប្រឡងនៅម៉ោង ៧កន្លះ ដល់ម៉ោង ៩ គឺ មុខវិជ្ជា អក្សរសាស្ត្រខ្មែរ(៩០នាទី) និងម៉ោង ៩កន្លះ ដល់ម៉ោង ១១ គឺមុខវិជ្ជារូបវិទ្យា(៩០នាទី)។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមជូនពរបេក្ខជនប្រឡងទាំងអស់ជោគជ័យក្នុងការប្រឡង ជាពិសេសទទួលបាននិទ្ទេសល្អៗ ដែលខ្លួនប្រាថ្នា ឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរៀនសូត្រជាច្រើនឆ្នាំមកនេះ ។
និងសូមជូនពរដល់គណៈមេប្រយោគ និងគណៈកម្មការនានានៃដំណើរការប្រឡង សូមមានសុខសុវត្ថិភាព សុខភាពល្អ និងទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ច៕

Leave a Reply

Your email address will not be published. Required fields are marked *