​ ​អភិបាលខេត្តកំពង់ធំ ចុះជួបពលរដ្ឋភៀសសឹក ៣ទីតាំង ក្នុងស្មារតី «ខ្មែរជួយខ្មែរ»


​ដោយ អ៊ួង សុផាត÷}(កំពង់ធំ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបឋម ចែកជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹកចំនួន ៣០៧គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នតាមទីវត្តអារាមនានា ក្នុងក្រុងស្ទឹងសែន។
​សកម្មភាពមនុស្សធម៌នេះត្រូវបានបែងចែកជា ៣ទីតាំងផ្សេងគ្នា រួមមាន៖
១. វត្តក្រចាប់៖ ចំនួន ១៤៧គ្រួសារ
២. វត្តទេពនិម្មិត៖ ចំនួន ៩៣គ្រួសារ
៣. វត្តសែនសិរី៖ ចំនួន ៧២គ្រួសារ
​ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែបារម្ភ និងតាមដានជាប់ជាប្រចាំនូវស្ថានភាពរស់នៅរបស់បងប្អូនកងទ័ពជួរមុខ និងជនភៀសសឹកទាំងអស់។
​ឯកឧត្តម នួន ផារ័ត្ន បានសង្កត់ធ្ងន់ថា ទោះបីសភាពការណ៍នៅតាមព្រំដែនមានភាពតានតឹង ដោយសារការរំលោភបំពានអធិបតេយ្យភាពពីសំណាក់ភាគីយោធាថៃ ប៉ុន្តែថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមិនបានសម្រាកឡើយ ដោយបាននិងកំពុងបញ្ជាផ្ទាល់ ដើម្បីការពារបូរណភាពទឹកដីឱ្យបានរឹងមាំបំផុត។
​ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនគ្រប់ទិសទី ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់រដ្ឋបាលខេត្ត ដើម្បីគាំទ្រដល់កម្លាំងជួរមុខ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា៖
​«នេះគឺជាស្មារតីសាមគ្គីភាព “ខ្មែរជួយខ្មែរ” ដែលមិនបោះបង់គ្នាក្នុងគ្រាលំបាក។ ស្មារតីស្នេហាជាតិដ៏ពុះកញ្ជ្រោលរបស់ប្រជាជន និងភាពក្លាហានរបស់កងទ័ពយើង គឺជាអាវុធដ៏ស័ក្តិសិទ្ធិបំផុតក្នុងការការពារមាតុភូមិ»។

Leave a Reply

Your email address will not be published. Required fields are marked *