:កម្ពុជាសម្ពោធរោងចក្រចម្រាញ់រ៉ែមាសថ្មីមួយទៀតរបស់ក្រុមហ៊ុន CAMBODIAN K88 INDUSTRY ជាមួយទុនវិនិយោគ ៤០លានដុល្លារ

(កំពង់ធំ)៖ វិស័យធនធានរ៉ែនៅកម្ពុជាសម្រេចបានសមិទ្ធផលថ្មីមួយទៀត ដោយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងរ៉ែ និងថាមពល បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ រោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន ខេមបូឌាន ខេ៨៨ អ៊ិនដាសស្ត្រី ឯ.ក (CAMBODIAN K88 INDUSTRY CO., LTD.)

​ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅតំបន់ស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

​តាមការបញ្ជាក់ពីប្រធានក្រុមហ៊ុន CAMBODIAN K88 INDUSTRY CO., LTD. បានឱ្យដឹងថា ក្រុមហ៊ុនដែលជាវិនិយោគទុនមកពីប្រទេសចិនមួយនេះ បានចាប់ផ្តើមសិក្សាស្រាវជ្រាវរ៉ែតាំងពីឆ្នាំ២០២០ និងបានរកឃើញជម្រករ៉ែមាសដែលមានលក្ខណៈសេដ្ឋកិច្ចនៅឆ្នាំ២០២៣។ រោងចក្រចម្រាញ់រ៉ែមាសនេះ ប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ៤០លានដុល្លារអាមេរិក និងបានបង្កើតឱកាសការងារផ្ទាល់ជូនប្រជាពលរដ្ឋខ្មែរចំនួន ៣៧៥នាក់។

​ទន្ទឹមនឹងការបង្កើតចំណូលពន្ធជូនរដ្ឋ ក្រុមហ៊ុនបានប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍សុខភាព សុវត្ថិភាព និងបរិស្ថាន (HSE) ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍសហគមន៍មូលដ្ឋានផងដែរ។

​ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ បានសង្កត់ធ្ងន់ថា សមិទ្ធផលនេះគឺជាផ្លែផ្កាដែលកើតចេញពី «នយោបាយឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន និងបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាចម្បងដែលទាក់ទាញលំហូរទុនវិនិយោគធំៗ មកកាន់វិស័យធនធានរ៉ែ ដែលមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រីកខឿនឧស្សាហកម្មជាតិ និងជំរុញសេដ្ឋកិច្ច-សង្គមឱ្យកាន់តែរីកចម្រើនខ្លាំងក្លា៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *