លោកឧត្តមសេនីយ៍ទោោ ហេង សុផល អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិជូនសពមន្ត្រីនគរបាលស្រុកតាំងគោក ដែលទទួលមរណភាពដោយរោគាពាធ

(កំពង់ធំ)៖ អនុវត្តតាមការចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកឧត្តម ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់ “វរសេនីយ៍ត្រី” ជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក ញ៉ែម វុទ្ធី នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកតាំងគោក។

​លោកអនុសេនីយ៍ឯក ញ៉ែម វុទ្ធី បានទទួលមរណភាពកាលពីវេលាម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៤០ឆ្នាំ ដោយរោគាពាធ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណី ស្ថិតនៅភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។

​ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកស្នងការបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនចំពោះក្រុមគ្រួសារសព។ លោកបានគូសបញ្ជាក់ថា មរណភាពរបស់លោក ញ៉ែម វុទ្ធី គឺជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏ឆ្នើមម្នាក់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ចូលរួមការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាពេលកន្លងមក។

​ជាកិច្ចឆ្លើយតប និងជួយសម្រួលដល់ជីវភាពក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ទោ ស្នងការ បាននាំយកថវិកាឧបត្ថម្ភសរុបចំនួន ៧,២០០,០០០រៀល (ក្នុងនោះថវិកាមិត្តជួយមិត្ត ១,២០០,០០០រៀល និងថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ៦,០០០,០០០រៀល) ព្រមទាំងអង្ករ និងទឹកបរិសុទ្ធមួយចំនួនទៀត ប្រគល់ជូនក្រុមគ្រួសារសពដើម្បីចាត់ចែងក្នុងពិធីបុណ្យ។

​ជាកិច្ចបញ្ចប់ លោកស្នងការ និងសហការី បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះរតនត្រ័យ សូមជួយយិតយោងដួងវិញ្ញាណក្ខន្ធលោក ញ៉ែម វុទ្ធី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *