សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ខួបលើកទី ១៦២

​ខេត្តកំពង់ឆ្នាំង៖ សាខាកាកបាទក្រហមកម្ពុជា (ក.ក.ក.) ខេត្តកំពង់ឆ្នាំង រួមជាមួយអនុសាខាទាំង ៨ ស្រុក-ក្រុង បានរៀបចំពិធីប្រារព្ធ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី ១៦២ កាលពីព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥។ ពិធីនេះត្រូវបានធ្វើឡើងនៅវត្តចន្ទប្បជោតនារាម ហៅវត្តាសុត ស្ថិតក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីអនុសាខា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិក្សានុសិស្ស ជាច្រើនអង្គ/នាក់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ក.ក.ក. ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការរៀបចំទិវានេះឡើងជារៀងរាល់ឆ្នាំ គឺដើម្បីរំលឹកដល់ការបង្កើតចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅឆ្នាំ ១៨៦៣ ដែលជាថ្ងៃកំណើតរបស់លោក ហង់រី ឌុយណង់ ស្ថាបនិករបស់ចលនាអន្តរជាតិ ថ្ងៃទី ៨ ខែឧសភា។
ឯកឧត្តមបានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ដោយផ្តោតលើវិស័យអាទិភាពទាំង ៤ របស់ ក.ក.ក. រួមមាន៖
​ការឆ្លើយតបគ្រោះមហន្តរាយ៖ សាខា និងអនុសាខាទាំង ៨ ស្រុក-ក្រុង បានឆ្លើយតបដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជា ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ គ្រោះថ្នាក់ចរាចរណ៍ លង់ទឹក និងថ្មីៗនេះ ចំពោះជនភៀសខ្លួនដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ។
​ការត្រៀមបង្ការ និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ តាមសហគមន៍។
​ការជួយជនរងគ្រោះ និងងាយរងគ្រោះផ្សេងៗ៖ សាខា អនុសាខាបានប្រតិបត្តិការជួយជនពិការ អ្នកជំងឺរ៉ាំរ៉ៃ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន និងកុមារកំព្រាជាដើម។
​ប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន:
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខា ក.ក.ក. ខេត្តកំពង់ឆ្នាំង បានសម្តែងការអរគុណដល់ព្រះអង្គ ចន្ទមុនី ដែលបានផ្តល់ទីធ្លាដ៏មនោរម្យសម្រាប់ការប្រារព្ធកម្មវិធីនេះ។
ឯកឧត្តមបានអំពាវនាវដល់សប្បុរសជន ឯកឧត្តម លោកជំទាវ ឧកញ៉ា មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទាំងអស់ បន្តចូលរួមគាំទ្រកាកបាទក្រហម ជាពិសេសក្នុងពេលដែលប្រទេសជាតិកំពុងតែមានបញ្ហាដោយសារជម្លោះជាមួយប្រទេសជិតខាង។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្តាំផ្ញើដល់មន្ត្រីកាកបាទក្រហមទាំងអស់ ត្រូវចាត់ចែងកិច្ចការប្រកបដោយតម្លាភាព និងគណនីយភាព ក្នុងការធ្វើប្រតិបត្តិការជាទូទៅ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនរងគ្រោះ ដោយមិនត្រូវរើសអើងពូជសាសន៍ ជំនឿសាសនា និងមិនប្រកាន់និន្នាការនយោបាយណាឡើយ។ ព្រោះបុព្វហេតុរបស់កាកបាទក្រហម គឺ មនុស្សធម៌ ហើយត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញាទាំងអស់ ដែលកំពុងរងផលប៉ះពាល់ពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

Leave a Reply

Your email address will not be published. Required fields are marked *