ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ និងប្រជាពលរដ្ឋ មកពីបណ្តាភូមិទាំង១២ ក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរួមគ្នាដាល់អំបុកស្រូវថ្មី យកទៅចែកជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ សកម្មភាពនេះធ្វើឡើងដើម្បីសម្តែងការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ព ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដី។
ការរួមគ្នាដាល់អំបុកនេះ ត្រូវបានប្រារព្ធឡើងនៅបរិវេណវត្តត្រពាំងជុំ ស្ថិតនៅភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ ពិធីនេះមានការចូលរួមយ៉ាងច្រើនកុះករពី ឯកឧត្តមអ៊ុំ ខេមកោ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច, លោក វន ស៊ីផា អភិបាលស្រុក, លោក ប៉ែន ចាន់ដារិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសែប រួមទាំងអាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋគ្រប់ជាតិសាសន៍។
លោក ហោ សារិទ្ធិ មេឃុំសែប បានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ១២ភូមិ បានប្រមូលស្រូវសរុប ៥០០ គីឡូក្រាម ដើម្បីយកមកបុកអំបុក សម្រាប់ឧបត្ថម្ភដល់វីរៈកងទ័ពអង់អាចក្លាហាននៅសមរភូមិមុខ និងបងប្អូនជនភៀសសឹក។ លោកបានបន្ថែមថា ការអញ្ជើញចូលរួមយ៉ាងច្រើនកុះករនេះ គឺជាការសម្ដែងអំពីទឹកចិត្តដ៏ស្មោះស្ម័គ្រ និងមានសាមគ្គីភាពផ្ទៃក្នុងយ៉ាងល្អរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងមូល ក៏ដូចជានៅទូទាំងប្រទេស ដែលមានការគាំទ្ររាជរដ្ឋាភិបាល និងវីរៈកងទ័ពជួរមុខ។
ក្នុងនាមជាតំណាងលោកអភិបាលស្រុកកំពង់ត្រឡាច លោក សាយ ប៊ុនថេន អភិបាលរងស្រុក បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈដ៏សំខាន់នេះ ដែលវីរៈកងទ័ពកំពុងជួបការលំបាក និងតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងបូរណភាពទឹកដី ពួកយើងជាអ្នកសមរភូមិក្រោយបានត្រៀមខ្លួនគាំទ្រទាំងសម្ភារៈ ថវិកា និងស្មារតី។ រដ្ឋបាលស្រុកបានខិតខំគៀគរប្រមូលថវិកា និងសម្ភារៈ ដែលជាការបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានា។
អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានប្រសិទ្ធពរជ័យជូនវីរៈកងទ័ពខ្មែរទាំងអស់ ឱ្យមានសេចក្តីសុខ សុវត្ថិភាព ព្រមទាំងទទួលបានជ័យជំនះលើមារសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។

