ដោយ : ភ្នំធំ / ភ្នំពេញ៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ កាលពីថ្ងៃទី១៣ខែធ្នូ បានចេញសេចក្តីប្រកាសដាស់តឿនដល់ពលរដ្ឋអាមេរិក កាលពីថ្ងៃសុក្រនេះ ឲ្យបន្តជៀសវាងការធ្វើដំណើរទាំងអស់ក្នុងរង្វង់៥០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ ដោយសារតែជម្លោះដែលកំពុងបន្តកើតមាន និងស្ថានភាពសន្តិសុខដែលមិនស្ថិតស្ថេរ។
ស្ថានទូតបានបញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជម្លោះដែលកើតមានតាមបណ្ដោយព្រំដែន និងនៅក្នុងខេត្តជាប់គ្នា។ ជាមួយគ្នានេះ ស្ថានទូតអាមេរិក ក៏ទទួលបានរបាយការណ៍កាលពីថ្ងៃទី១១ ខែធ្នូ បង្ហាញពីការវាយប្រហារតាមអាកាស ពីភាគីប្រទេសថៃ ដែលបានកើតឡើងក្នុងរង្វង់ ៨០គីឡូម៉ែត្រ នៅក្នុងខេត្តជាប់ព្រំដែនរួម។
ស្ថានទូតអាមេរិក សង្កត់ធ្ងន់ថា ការបាញ់ប្រហារឆ្លងព្រំដែននៅតែបន្ត ហើយស្ថានភាពសន្តិសុខនៅតែមិនស្ថិតស្ថេរ ។
ជាមួយគ្នានេះ ស្ថានទូតអាមេរិកបានរំលឹកដល់ពលរដ្ឋរបស់ខ្លួនទាំងអស់ ឲ្យប្រុងប្រយ័ត្នខ្ពស់ និងបង្កើនការយល់ដឹងអំពីសន្តិសុខផ្ទាល់ខ្លួននៅក្នុងខេត្តជាប់គ្នា ដោយសារតែមានអរិភាពសកម្ម និងស្ថានភាពសន្តិសុខដែលមិនអាចទាយទុកជាមុនបាន ៕

