ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ស្ថានភាពជំនន់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យដែលភៀសសឹកក្នុងដើមគ្រានិងក្នុងគ្រាគិតត្រឹមថ្ងៃទី១១ខែធ្នូឆ្នាំ២០២៥ មកពីភូមិ ឃុំ សង្កាត់នានានៅតំបន់ព្រំដែនបានកើនឡើងដល់៣២, ១៨៧គ្រួសារ មនុស្សរាយចំនួន ១១២,៦៩៩នាក់/ស្រីចំនួន ៥៨,០៤៧នាក់ កុមារចំនួន៣៤,៤៩៣នាក់ ។
ក្នុងនោះ ស្នាក់នៅទីទួលសុវត្ថិភាព( ជំរំជនភៀសសឹក) ចំនួន៨៧ទីតាំង ចំនួន២៣,១៨៧គ្រួសារ មនុស្សរាយ ៨០,១៦៦នាក់ / ស្រីចំនួន៤០,២៩៦នាក់ កុមារចំនួន២៤,៤៦២នាក់។
និងស្នាក់នៅផ្ទះសាច់ញាតិចំនួន៩,៦១៧គ្រួសារ មនុស្សរាយ ៣២,៥៣៣
/ ស្រីចំនួន៣២,៥៣៣នាក់ កុមារ១៧,៧៥១នាក់ ។
ហើយពលរដ្ឋភៀសសឹកត្រូវអន្តរាគមន៍( ផ្តល់ឃីតអំណោយ) ស្នាក់នៅទួលសុវត្ថិភាពចំនួន៣២,០៩០គ្រួសារ និងស្នាក់នៅតាមផ្ទះសាច់ញាតិ
ចំនួន៩,៦១៧គ្រួសារ ។
នេះបើយោងលោកណង វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យអោយដឹងនាថ្ងៃទី១២ខែធ្នូឆ្នាំ២០២៥ ស្តីពីរបាយការណ៍ស្តីពីចំនួនជនភៀសសឹកជនម្លៀសមកទីទួលសុវត្ថិភាពគិតត្រឹមថ្ងៃទី១១ខែធ្នូឆ្នាំ២០២៥ វេលាម៉ោង១៨:០០ល្ងាច ។
លោកបានបន្តថា: ចំនួនពលរដ្ឋភៀសសឹកបានហក់ឡើងគំហុកច្រើននៅថ្ងៃទី៨, ៩និង១០ខែធ្នូ នៅពេលដែលយោធាថៃបានបន្តនិងបង្កើនបាញ់ប្រហារដោយកាំភ្លើងតូច មធ្យមនិងធំ ព្រមទាំងទម្លាក់គ្រាប់ពីយន្តហោះមកលើគោលដៅស៊ីវិលឥតឈប់ឈរ ឥតរើសមុខលើភូមិដ្ឋាន ផ្ទះសម្បែង ផ្សារ សាលារៀន វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធនិងទីតាំងផ្សេងៗទៀតនៅស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួកនិងក្រុងប៉ោយប៉ែត ។
ពលរដ្ឋភៀសសឹកក្នុងខេត្តបន្ទាយមានជ័យហើយមកស្នាក់នៅទីទួលសុវត្ថិភាពក្នុងខេត្តចំនួន៧៧ ទីតាំង ដូចជាវត្តអារាម សាលារៀន ផ្សារថ្មីចម្ការតាដោក ផ្សារចិនខ្មៅ សាលាឆទាន អាងត្រពាំងថ្ម …. ដែលស្ថិតនៅស្រុកថ្មពួក ស្វាយចេក អូរជ្រៅ ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ភ្នំស្រុក ព្រះនេត្រព្រះនិងម៉ាឡៃ ។
ទោះជាយ៉ាងណា មកទល់ម៉ោង១៨: ០០ល្ងាចថ្ងៃទី១២ខែធ្នូ នេះ ចំនួនជនភៀសសឹកនៅតែបន្តមាននៅឡើយ ដោយសារយោធាថៃបន្តពង្រីកបានវាយប្រហារផ្លោងចូលជ្រៅមកក្នុងភូមិសាស្ត្រស្រុក ក្រុងជាប់ព្រំដែន ។
ហើយក្នុងនោះ មានជនភៀសសឹកមកពីស្រុកបន្ទាយអម្ពិល ក្រុងសំរោងខេត្តឧត្តរមានជ័យផងដែរ ។
ប៉ុន្តែ មិនរាប់បញ្ចូលជនភៀសសឹកមកពីខេត្តបន្ទាយមានជ័យទៅស្នាក់នៅទីទួលសុវត្ថិភាពក្រៅខេត្តឡើយ ៕

